(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង បានប្រកាសបើកជំនាញសិក្សាថ្មីមួយទៀតថ្នាក់បរិញ្ញាបត្រការសិក្សាប្រព័ន្ធផ្សព្វផ្សាយឌីជីថល (Digital Multi-Media Studies) ដោយផ្តោតសំខាន់ទៅលើការបង្កើតចំណេះជំនាញផ្នែកបង្កើត និងនិពន្ធវីឌីអូផ្សព្វផ្សាយតាមបែបពាណិជ្ជកម្ម ឯកសារព័ត៌មាន និងភាគយន្តខ្នាតតូចឬធំ ក្នុងគោលបំណងបង្កើតការលក់តាមទីផ្សារបែបឌីជីថល ផ្សព្វផ្សាយព័ត៌មានពិតតាមរយៈអ្នកមានវិជ្ជាជីវៈត្រឹមត្រូវតាមបណ្តាញសង្គម និងបង្ហាញពីតម្លៃវប្បធម៌អប់រំ ក្នុងអរិយធម៌នៃកម្ពុជា។

សន្និសីទសារព័ត៌មាន ស្តីពីការបើកជំនាញថ្មីមួយនេះបានរៀបចំឡើងនាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង គ្រូបង្រៀន បុគ្គលិក និងនិស្សិតចំនួន៦០នាក់ ក្នុងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងអប់រំនៃសាកលវិទ្យាល័យជាតិបាត់ដំបង។

លោក យឹង ហាក់ ព្រឹទ្ធបុរស មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ បានឡើងធ្វើរបាយការណ៍សង្ខេបពីដំណើរការនៃការបណ្តុះបណ្តាល និងការបង្កើតថ្មី នៃមុខជំនាញ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ក្នុងកម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ ជំនាញការសិក្សាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ត្រូវបានរៀបចំបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹង តម្រូវការទីផ្សារការងារ និងសង្គមកម្ពុជាលើវិស័យផ្សព្វផ្សាយឌីជីថល សម្រាប់បម្រើការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ជាពិសេសនៅភូមិភាគពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិត សំ រ៉ានី បានវាយតម្លៃខ្ពស់ និងបានបញ្ជាក់ថា ចំពោះកម្មវិធីសិក្សានេះពិតជានឹងបានរួមចំណែកផលិតធនធានមនុស្សដែលមានសមត្ថភាព និងគុណវុឌ្ឍិ ឆ្លើយបតទៅនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលឆ្លើយតបទៅ នឹងបដិវត្តន៍ ឧស្សាហកម្មជំនាន់ទី៤ ដែលមានសរសរស្តម្ភសំខាន់ៗចំនួន៣ គឺ៖ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរៈកិច្ចឌីជីថល និងគោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២-២០៣៥។

លោកបណ្ឌិត សំ រ៉ានី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា គោលនយោបាយទាំងពីរនេះនិងគោលនយោបាយចក្ខុវិស័យឧត្តមសិក្សាឆ្នាំ២០៣០ នឹងជួយនាំកម្ពុជា ទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៣០។

លោកក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ព្រមទាំងបានចូលរួមចំណែកយ៉ាងសកម្ម ដោយបាន ចំណាយ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកា ក្នុងការជួយរៀបចំកម្មវិធីសិក្សា ការជ្រើសរើសគ្រូបង្រៀន និងសម្ភារៈឧបទ្ទេសបង្រៀនដូចជា ការរៀបចំបន្ទប់ស្ទូតយូ និងឧបករណ៍បម្រើដល់ដំណើរការបង្រៀនផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថលនេះទៀតផង។

លោកសាស្រ្តាចារ្យ ឈន ប៊ុនហំ និងលោកស្រីសាស្រ្តាចារ្យ សំ លក្ខិណា ជាសាស្ត្រាចារ្យជំនាញបច្ចេកទេសប្រព័ន្ធផ្សព្វផ្សាយឌីជីថល នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានបញ្ជាក់ថា ជំនាញនៃការបណ្តុះបណ្តាលថ្មីនេះ និងធ្វើឱ្យនិស្សិតក្លាយទៅ៖ ជាអ្នកជំនាញនិពន្ធគំនិតអប់រំក្នុងវីដេអូផ្សព្វផ្សាយតាមវិស័យនានា, ជាអ្នកសារព័ត៌មាន អាជីពដែលមានវិជ្ជាជីវៈត្រឹមត្រូវ, ជាបុគ្គលកាត់តវីដេអូ ឬអ្នកថតជំនាញ, ជាមន្ត្រីរាជការតាមក្រសួង មន្ទីរនានាពាក់ព័ន្ធនឹងជំនាញផ្សព្វផ្សាយ, ជាអ្នកស្រាវជ្រាវផ្នែកទីផ្សារ, ជាអ្នកផលិតភាពយន្តខ្នាតតូច ឬខ្នាតធំ និងជាអ្នកគ្រប់គ្រងជំនួញខាងផ្សព្វផ្សាយឌីជីថលផងដែរ។

សូមរំលឹកដែរថា បរិញ្ញាបត្រការសិក្សាប្រព័ន្ធផ្សព្វផ្សាយឌីជីថល បានទទួលការឧបត្ថម្ភបច្ចេកទេស និងហិរញ្ញវត្ថុដោយសហគមន៍អ៊ឺរ៉ុប តាមរយៈគម្រោង អ្នកសារព័ត៌មាននៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG Journalism Erasmus Project) រាជរដ្ឋាភិបាលកម្ពុជា និងសាកលវិទ្យាល័យដៃគូនៅទ្វីបអាស៊ី និងអ៊ឺរ៉ុប ជាពិសេសប្រទេសអូស្រ្តីលី៕