(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានសមាគមសហភាពបញ្ញវន្តមុស្លិមកម្ពុជា (CMIU) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបញ្ញវន្តមុស្លិមកម្ពុជា ដែលបានបញ្ចប់ការសិក្សាទាំងក្នុង និងក្រៅប្រទេស ចំនួន៤៥០នាក់។

ពិធីនេះត្រូវបានប្រារព្ធឡើងនៅមណ្ឌលម៉ូឌែន៥ រាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំខ្មែរឥស្លាម ដែលជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល និងបញ្ញវន្តមុស្លិមជាច្រើនរូបផងដែរ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងកោតសរសើរចំពោះការផ្ដួចផ្ដើមរៀបចំកម្មវីធីនេះ ដែលសមាគមសហភាពបញ្ញវន្តមុស្លិមកម្ពុជា បានរៀបចំជាលើកទីមួយ ក្នុងគោលបំណងដើម្បីពង្រឹងមិត្តភាព និងសាមគ្គីភាព រវាងបញ្ញវន្តមុស្លិមទាំងអស់ដែលជាអ្នកស្នងដំណែងក្នុងការបម្រើជាតិនាពេលអនាគត់។ លោកបានរំលឹកដល់បញ្ញវន្តមុស្លិមជំនាន់ក្រោយថា បើក្រឡេកទៅមើលប្រវត្តិសាស្ត្ររបស់កម្ពុជា ពិតជាជូរចត់ណាស់ ដោយប្រជាជនកម្ពុជា បានឆ្លងកាត់ជាច្រើនសម័យកាល សង្គ្រាមបង្ហូរឈាម កាប់សម្លាប់ប្រជាជនស្លួតត្រង់រាប់លាននាក់។

លោកបានបន្តថា បងប្អូនសហគមន៍ឥស្លាម ពុំសូវមានអ្នករៀនសូត្រចេះដឹង លើវិស័យសង្គម វិទ្យាសាស្ត្រទេ។ ហើយតាមការសិក្សា រហូតមកដល់ឆ្នាំ១៩៧០ យើងនៅមានតិចតូចបំផុត ហើយពីឆ្នាំ១៩៧០ ហូតដល់១៩៧៥ ក៏យើងនៅតែមានតិចតួច ព្រោះតែប្រទេសយើងត្រូវបានឆាបឆេះដោយសង្គ្រាម នៅឆ្នាំ១៩៧៥ ដល់១៩៧៩។ បញ្ញវន្តឥស្លាមខ្លះ ក៏ត្រូវបានសម្លាប់ ដូចនឹងប្រជាជនស្លូតត្រង់ដែរ ដោយប៉ុល ពត បានសម្លាប់អស់ប្រមាណជាងពីរលាននាក់។

ផ្ដើមចេញពីឆ្នាំ១៩៧៩ លុះដល់ឆ្នាំ ១៩៩០ បងប្អូនសហគមន៍ឥស្លាម ចាប់ផ្តើមមាននិស្សិត បញ្ញវន្ត មួយចំនួនគួរឲ្យមោទនភាព សម្រាប់សហគមន៍ឥស្លាមយើង។ តាំងពីឆ្នាំ១៩៩០ រហូតមកដល់បច្ចុប្បន្ន គឺយើងមាននិស្សិតបញ្ញវន្ត បានបញ្ចប់ការសិក្សា នៅក្នុងប្រទេស នៅក្រៅប្រទេស យ៉ាងច្រើន ដោយបង្កើតបាននូវធនធានមនុស្ស នៅក្នុងសហគមន៍ឥស្លាម ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងជាតិមាតុភូមិ ជាមួយនឹងបងប្អូនជនរួមជាតិ គ្រប់ជាតិសាសន៍ និងសាសនា។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សម័យកាលណាៗ ក៏សហគមន៍ឥស្លាមមិនទទួលបានដូចនៅក្នុងសម័យកាលនេះដែរ គឺរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានផ្តល់ឱកាសជាគោលនយោបាយជាច្រើន មកដល់សហគមន៍ឥស្លាម ដូចជាការផ្តល់កិត្តិយស តួនាទីក្នុងរដ្ឋាភិបាល និងបានសម្រួលដល់ការលំបាកទាំងឡាយ ជូនសហគមន៍ឥស្លាម ដោយគ្មានការើសអើង ប្រកាន់ពូជសាសន៍ និងសាសនា។

លោកបានបន្តលើកឡើងទៀតថា កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៅមានសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជា មានការរីកចម្រើនលូតលាស់ លើគ្រប់វិស័យទាំងអស់ ដែលគួរជាទីមោទនភាព ដែលយើងទាំងអស់គ្នាទទួលបាន បន្ទាប់ពីមានគោលនយោបាយឈ្នះឈ្នះ ដោយគ្មានការបង្ហូរឈាម ទទួលបានមកនូវសុខសន្តិភាពដ៏ពេញលេញ ដែលបានធ្វើឲ្យប្រជាជនកម្ពុជា រួមគ្នារក្សានូវសុខសន្ដិភាព។

ជាចុងបញ្ចប់ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានផ្ដាំផ្ញើដល់កូនក្មួយ និស្សិត បញ្ញវន្តទាំងអស់ សូមឲ្យរួបរួមគ្នាសាមគ្គីគ្នា ដើម្បីរក្សាឲ្យបាននូវសុខសន្តិភាពដែលយើងកំពុងមាន និង ធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច ដើម្បីបុព្វហេតុសហគមន៍យើង និងប្រទេសជាតិយើង៕