(កំពង់ចាម)៖ សមិទ្ធផលថ្មី ជាផ្លូវបេតុងមួយខ្សែមានប្រវែង ២,១៥៨ម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពលោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក ហ៊ុន ណេង បានថ្លែងថា បន្ទាប់ពីបានចុះពិនិត្យដោយផ្ទាល់នៅតំបន់នេះ ប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសនៅរដូវភ្លៀងធ្លាក់។ ដូច្នោះហើយទើបលោកបានផ្ដួចផ្ដើម គំនិត ដោយមានការគាំទ្រពីអភិបាលខេត្ត និងមានការឧបត្ថម្ភជាថវិកាពីសំណាក់អ្នកឧកញ៉ា ហ៊ុន តូ ទើបដំណើរការសាងសង់ផ្លូវបេតុងមួយខ្សែដែលមានទទឹងជាង៤ម៉ែត្រ និងបណ្ដោយជាង២០០០ម៉ែត្រ ដោយចាប់សាងសង់ពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២២ បានសម្រេចរួចរាល់ជាស្ថាពរនៅដើមខែកុម្ភៈនេះ។

លោក ហ៊ុន ណេង បានមានប្រសាសន៍បន្តថា ដោយសារប្រទេសមានសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា និងប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ដូច្នេះប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តថែរក្សាសុខសន្តិភាពឲ្យបានយូរអង្វែង ដោយនាំគ្នាអនុវត្តទៅតាមកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤របស់រាជរដ្ឋាភិបាលក្នុងនោះរួមមា៖

*ទី១៖ ត្រូវធ្វើឲ្យប្រទេសមានស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់ល្អ ពោលគឺអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព
*ទី២៖ ធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ ដោយក្នុងនោះផ្អែកទៅលើវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម និងការទំនាក់ទំនងនាំអ្នកវិនិយោគិន មកវិនិយោគក្នុងស្រុក ដើម្បីបង្កើនការងារ ឱ្យប្រជាពលរដ្ឋក្នុងការរកចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យប្រសើរឡើង
*ទី៣៖ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលប្រការនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានធ្វើនិងកំពុងធ្វើជូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើងហើយ
*ទី៤៖ គឺគិតគូរអំពីបញ្ហាសុខភាពជូនប្រជាពលរដ្ឋ ដែលប្រការនេះដែរ សម្រាប់ស្រុកស្ទឹងត្រង់ ថ្នាក់ដឹកនាំបានរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ក្នុងមួយខែម្ដង ហើយកិច្ចការនោះ បានផ្អាកនៅពេលដែលមានជំងឺកូវីដ១៩ផ្ទុះឡើង នៅតាមសហគមន៍។

មន្ត្រីសុខាភិបាល ត្រូវបង្វែរទិសដៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសយើងបានធូរស្រាល ហើយប្រជាពលរដ្ឋបានរស់នៅធម្មតាតាមកន្លងថ្មី គឺអនុវត្តទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល «៣កុំ និង៣ការពារ»។

លោក ហ៊ុន ណេង បានបញ្ជាក់ថា បន្ទាប់ពីប្រទេសជាតិបានធូរស្រាលពីជំងឺកូវីដ១៩នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក នឹងត្រូវបានរៀបចំឲ្យដំណើរការចុះព្យាបាលប្រជាពលរដ្ឋតាមឃុំនីមួយៗឡើងវិញផងដែរ៕