(ភ្នំពេញ)៖ បន្ទាប់ពីមានការអំពាវនាវពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ថ្លែងចេញពីខេត្តបន្ទាយមានជ័យ ឲ្យបើកយុទ្ធនាការចែកចាយទឹក, ក្នុងរយៈមួយថ្ងៃពីរនេះយុទ្ធនាការចែកចាយទឹកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹក បាននឹងកំពុងរីកផុសផុលយ៉ាងខ្លាំង បាននឹងកំពុងជំរុញទៅមុខ និងកំពុងពង្រីកវិសាលភាពគ្រប់ដណ្តប់លើភូមិសាស្រ្តកាន់តែធំ ប្រជាពលរដ្ឋទទួលបានទឹកមានចំនួនកាន់តែច្រើន។
ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រជូននិស្សិត សាកលវិទ្យាល័យធនធានមនុស្សនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងប្រឹងរហូតដល់ប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់ ទើបយើងអាចបន្ធូថៃបាន ប៉ុន្តែឥឡូវនេះ នៅកាងដៃនៅឡើយទេ ហើយកាងដៃកាន់តែធំទៀត។ សម្តេចបន្តអំពាវនាវឲ្យបន្តយុទ្ធនាការចែកចាយទឹកជូនប្រជាពលរដ្ឋ»។
ដោយឡែកនៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនៅលើ Facebook យ៉ាងដូច្នេះថា៖ «យុទ្ធនាការ កំពុងជំរុញទៅមុខ និងកំពុងពង្រីកវិសាលភាពគ្របដណ្តប់លើ ភូមិសាស្ត្រកាន់តែធំនិងប្រជាជន ទទួលបានទឹកមានចំនួនកាន់ច្រើន។ សូមអរគុណ កម្លាំងទាំងអស់ដែលចូលរួមជួយប្រជាជននាពេលដ៏លំបាកនេះ ជាមួយនិងការជូនពរ សូមមានជោគជ័យក្នុងយុទ្ធនាការផ្តល់ទឹកជូនប្រជាជន។
សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានគណបក្សនយោបាយមួយចំនួន ដែលបានឆ្លៀតយកបញ្ហាគ្រោះរាំងស្ងួតនៅកម្ពុជា ដើម្បីទាញចំណេញនយោបាយ។ សម្តេចថា កន្លងមកនៅពេលដែលកម្ពុជាជួបបញ្ហាគ្រោះធម្មជាតិ ក្រុមអ្នកនយោបាយទាំងនោះតែងនិយាយថា មកពីបញ្ហាកាប់ព្រៃឈើ។ ប៉ុន្តែសម្តេចថា បញ្ហានេះមិនមែនមានតែកម្ពុជាទេ ប្រទេសផ្សេងទៀតជាពិសេសឥណ្ឌាក៏មានបញ្ហារាំងស្ងួតដូចគ្នា រហូតដល់មានមនុស្ស ស្លាប់ថែមទៀត។ សម្តេចពន្យល់ថា បញ្ហាគ្រោះធម្មជាតិ គឺជាបញ្ហាពិភពលោក មិនមែនប្រទេសណាមួយនោះទេ, នេះបើយោងតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រជូននិស្សិត សាកលវិទ្យាល័យធនធានមនុស្សនាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ៕