(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញរបស់គណបក្សឯកភាពជាតិខ្មែរ នាពេលកន្លងទៅនេះ ដែលមាន លោក អ៊ុន ជឹម ជាប្រធានថ្មី នៃគណបក្សឯកភាពជាតិខ្មែរ។

សេចក្តីសម្រេចទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញ របស់ក្រសួងមហាផ្ទៃ ត្រូវបានលោក អ៊ុន ជឹម យកមកផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានធ្វើឡើងនៅទីស្នាក់ការគណបក្សផ្ទាល់។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក អ៊ុន ជឹម បានឲ្យដឹងថា ក្រសួងមហាផ្ទៃ បានទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំរបស់គណបក្សឯកភាពជាតិខ្មែរ ដែលមាន លោក អ៊ុន ជឹម ជាប្រធាន, លោក ខែម ចន្ថា ជាអនុប្រធានទី១, លោក ចៅ ពិសិដ្ឋ ជាអនុប្រធានទី២ និងលោក ទូច ចំណាន ជាអនុប្រធានទី៣ បន្ទាប់ពីគណបក្សធ្វើសមាជវិសាមញ្ញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២កន្លងទៅ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «គណបក្សឯកភាពជាតិខ្មែរ បានចាប់ផ្តើមដំណើរល្អហើយ ព្រោះគណបក្សនេះផ្លាស់ប្តូរក្បាលម៉ាស៉ីនល្អៗ មានស្នាក់ការសមរម្យ និងមានគោលនយោបាយល្អ ប្លែកពីគណបក្សដទៃ។ គណបក្សនេះនឹងបើកបេះដូងធ្វើការជាមួយគ្រប់គណបក្សដែលគិតពីជាតិ មិនធ្វើនយោបាយលាបពណ៌ ជេរប្រមាទ ចោទប្រកាន់ និងរៀបផែនការងងឹតផ្តួលរំលំបក្សណាមួយឡើយ»

លោកបន្តថា «គណបក្សឯកភាពជាតិខ្មែរ យល់ឃើញថា ការលាបពណ៌ ជេរប្រមាទ និងការចោទប្រកាន់ និងការផ្តួលរំលំគ្នាដោយមធ្យោបាយទុច្ចរិត មិនអាចធ្វើឲ្យខ្មែរបានសុខ និងបានរីកចម្រើនទេ គឺរឹតតែធ្វើឲ្យខ្មែរវិនាសទៅវិនាសទៅ។ មានតែការរួបរួម និងការសហការគ្នា គ្រប់គណបក្សនយោបាយ ទើបខ្មែររីកចម្រើន និង មានសេចក្តីសុខ»

យោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ គឺក្រសួងមហាផ្ទៃ បានទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញ របស់គណបក្សឯកភាពជាតិខ្មែរ ដែលបានបោះឆ្នោតអនុម័យសេចក្តីសម្រេច ធ្វើការផ្លាស់ប្តូរទីស្នាក់ការកណ្តាល មកនៅបុរីឈូកវ៉ា២ ផ្ទះលេខ A24 ភូមិតិកូបញ្ញេ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងផ្លាស់ប្តូរឈ្មោះអក្សរកាត់ នៅក្នុងសញ្ញាសម្គាលគណបក្សពី (គ.ឯ.ជ.ខ) មកជា (គ.ឯ.ជ) ព្រមទាំងក្បាលម៉ាស៉ីនដឹកនាំថ្មី របស់គណបក្សមួយនេះផងដែរ។

មុនមានក្បាលម៉ាស៉ីនដឹកនាំថ្មី គឺគណបក្សឯកភាពជាតិខ្មែរ មានលោក នៅ សំអាត ជាប្រធាន, លោក អ៊ុន ជឹម ជាអនុប្រធានទី១ និងលោកស្រី ឡាក់ សុភាព ជាអនុប្រធានទី២។ កន្លងមក លោកស្រី ឡាក់ សុភាព ធ្លាប់ចោទប្រកាន់លោក អ៊ុន ជឹម ថាមានបំណងចង់ធ្វើបក្សប្រហារ៕