(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារចុះពិនិត្យ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងសាងសង់សំណង់នានា នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលបានទៅយកព័ត៌មានផ្ទាល់នៅទីនោះ បានបញ្ជាក់ថា លោកអភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ ស្របតាមផ្លូវជាតិ៦A ពីអ័ក្សផ្លូវ១០០ម៉ែត្រ ដែលប្រវែងជាង ៦គីឡូម៉ែត្រ គិតចាប់ពីវិថីសម្តេច ជា ស៊ីម សង្កាត់ព្រែកលៀប ដល់រង្វង់មូលជ្រោយចង្វារត្រើយខាងកើត។ ក្នុងឱកាសនោះ លោកអភិបាល ក៏បានចុះពិនិត្យមើលទីតាំងសាងសង់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ពិនិត្យមើលការសាងសង់អគារ រដ្ឋបាលសាលាខណ្ឌជ្រោយចង្វារ ព្រមទាំងពិនិត្យមើលការសាងសង់ ហេដ្ឋារចនាសម្ព័ន ក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វាររបស់ ក្រុមហ៊ុន OCIC ផងដែរ។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយ បញ្ចប់ការចុះពិនិត្យទីតាំងទាំងនោះ លោក ប៉ា សុជាតិវង្ស ជំរុញឲ្យក្រុមហ៊ុនសាងសង់ពន្លឿន ការសាងសង់អគារដ្ឋាបាល សាលាខណ្ឌជ្រោយចង្វារឲ្យបានឆាប់ ដើម្បីឲ្យមន្ត្រីសាលាខណ្ឌអាចចូលបម្រើការងារជូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះដែរ លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរចំពោះក្រុមហ៊ុន OCIC សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ជាមួយនឹងការដាក់បណ្តាញលូរបង្ហូរទឹកយ៉ាងត្រឹមត្រូវ និងតែងតែយកចិត្តទុកដាក់ដោះស្រាយ បញ្ហាផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋ ប្រកបស្មារតីទទួលខុសត្រូខ្ពស់។
លោក ប៉ា សុជាតិវង្ស ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ កុំព្រួយបារម្ភចំពោះការអភិវឌ្ឍន៍នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តដោះស្រាយការងារនេះ ដោយមិនឲ្យប្រជាពលរដ្ឋខាតបង់នោះឡើយ គឺមានតែចំណេញ។
លោកអភិបាលបាន ជំរុញឲ្យប្រជាពលរដ្ឋចូលសហការ ផ្តល់ភាពងាយស្រួល ក្នុងការស្ថាបនាផ្លូវស្របផ្លូវជាតិ៦ A ពីអ័ក្ស១០០ម៉ែត្រ ដើម្បីឲ្យទាន់ពេលវេលា មុនរដូវវស្សាមកដល់ បើមិនដូច្នេះ ប្រជាពលរដ្ឋនៅតំបន់នោះ អាចប្រឈមមុខនោះការលិចលង់មិនខាន៕