Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើលិខិតរំលែកទុក្ខ ចូលបុណ្យ ១០លានរៀល ជូនដល់ក្រុមគ្រួសារសពលោក ទៀន ករុណា មន្រ្ដីកងរាជអាវុធហត្ថ ទទួលមរណភាព ក្នុងការបង្រ្កាបគ្រឿងញៀន

28-04-2016 18:06

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី ជាតំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នាំយកនូវលិខិតរំលែកទុក្ខថវិកា១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ទៅចូលរួមបុណ្យសព លោកអនុសេនីយ៍ឯក ទៀន ករុណា នាយរងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានទទួលមរណភាព  ដោយសារការបាញ់ពីក្រុមជួញដូរគ្រឿងញៀន ក្នុងពេលចុះប្រតិបត្តិការបង្រ្កាបគ្រឿងញៀន នៅសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ម្សិលមិញនេះ ។

ជាមួយនឹងសមានចិត្តដ៏សោកសង្វេកនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក យូ ឡាណា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជាមួយលោកស្រី កែវ លីដា ដែលត្រូវជាភរិយាសព លោកអនុសេនីយ៍ឯក ទៀន ករុណា ចំពោះការបាត់បង់នូវ ស្វាមី និងបិតា ប្រកបដោយព្រហ្មវិហារធម៌ មានទឹកចិត្តសណ្តោសប្រណីថ្លៃថ្លា ដែលបានពលីកម្មជាច្រើន បូជាសព្វបែបយ៉ាងទាំងកម្លាំងកាយចិត្ត និងពេលវេលា មិនគិតពីការនឿយហត់ ជម្នៈនូវរាល់ឧបសគ្គនានា ដើម្បីកូនៗមានអនាគតរុងរឿង និងជាវីរៈកងរាជអាវុធហត្ថមួយរូប ដែលសកម្មក្នុងការបំពេញតួនាទី និងភារកិច្ច មិនខ្លាចបូជាអាយុជីវិត ក្នុងការបង្រ្កាបក្រុមជួញដូរគ្រឿងញៀន ពោរពេញដោយស្នាដៃ និងគុណបំណាច់យ៉ាងប្រសើរជូនជាតិមាតុភូមិ និងប្រជាជនយើង ។

ស្ថិតក្នុងមរណទុក្ខដ៏សែនក្តុកក្តួលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ឌ សពលោកអនុសេនីយ៍ឯក ទៀន ករុណា បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។

ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលបុណ្យជាបច្ច័យចំនួន១០លានរៀល អង្ករ ១០០គីឡូក្រាម ទឹកបរិសុទ្ធ ៥កេស ទឹកក្រូច ៥កេស មីយើង ៥កេស និងត្រីខ ៥០កំប៉ុង៕