(រតនគិរី)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តរតនគិរី នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានសម្រេចឃុំខ្លួនម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» ដែលគេដឹងថាជាកូនប្រសាលោក ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី និងបក្ខពួកឈ្មោះ ហេង រតនា អ្នកកាន់ឃ្លាំងឱសថ ពីបទលួចថ្នាំពេទ្យជាច្រើនប្រអប់តម្លៃរាប់ម៉ឺនដុល្លារ ក្នុងឃ្លាំងមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី។
ម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» មានឈ្មោះ លុយ ទី គឺជាអ្នកមានស្តុកស្តុម្ភជិះរថយន្តសេរីទំនើប Lexus-570 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2I-7376 មានទីតាំងកណ្តាលក្រុងបានលុង។
មន្ត្រីនគរបាលខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News ថា មុននឹងឈានដល់ឃាត់ខ្លួនជនទាំង២នាក់នេះ គឺដោយសារតែមានពាក្យបណ្តឹងពីខាងមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី ចូលមកស្នងការដ្ឋាននគរបាលខេត្តរតនគិរី លុះដល់ព្រលប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ក្រោយពីធ្វើការស្រាវជ្រាវតាមជំនាញរួចមក ក៏ឈានទៅដល់ការឃាត់ខ្លួនតែម្តង។ មន្ត្រីនគរបាល ដដែលបានបន្តទៀតថា «រហូតមកដល់វេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃនេះ ជនទាំង២នាក់ ត្រូវបានបញ្ជូនខ្លួនទៅពន្ធនាគារភ្នំស្វាយខេត្តរតនគិរី»។
សេចក្តីរាយការណ៍បានឲ្យដឹងថា វេលាម៉ោងប្រមាណជាង៤រសៀលដដែលថ្ងៃនេះ សមត្ថកិច្ចចម្រុះរួមមាន លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី លោក ហ៊ីង ផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងមន្ត្រីនគរបាលខេត្តរតនគិរី ដឹកនាំដោយចៅក្រម និងជាប្រធានសាលាដំបូងខេត្តរតនគិរី លោក សួស ឡា បានចុះឆែកឆេរឱសថស្ថានពន្លឺសុខភាព បានប្រមូលថ្នាំពេទ្យគ្រប់ប្រភេទចំនួន៤កេះធំៗរួចលើកដាក់រថយន្តលោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី យកទៅរក្សាទុក។
បន្ទាប់ពីធ្វើការត្រួតពិនិត្យ ឆែកឆេរឱសថស្ថានពន្លឺសុខភាពរួច លោក សួស ឡា បានថ្លែងប្រាប់តាមទូរស័ព្ទយ៉ាងខ្លីថា រឿងខាងលើនេះមិនទាន់ឆ្លើយបានទេ កំពុងធ្វើការបន្តទៀតរួចបិទទូរស័ព្ទតែម្តង៕