(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ គណៈប្រតិភូអន្តរក្រសួង និងគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើទូទាំងប្រទេស បានធ្វើដំណើរ មកដល់រាជធានីភ្នំពេញវិញហើយ ក្រោយចំណាយពេលពេញមួយព្រឹក ចុះទៅពិនិត្យទីតាំងស្កុកឈើនៅតាមក្រុមហ៊ុននានានាខេត្តមណ្ឌលគិរី។
អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ អេង ហ៊ី បានប្រាប់ Fresh News ថា «យើងបានបញ្ចប់ការងារនេះហើយ ដោយយើងបានជូនគណៈប្រតិភូអន្តរក្រសួង ទៅត្រួតពិនិត្យការងារនេះ តាមគោលដៅ ប្រាប់ពួកគាត់ឲ្យដឹងពីទីតាំងដែលមានការលំបាកលើការដឹកជញ្ជូន និងដើម្បីរកវិធីត្រូវធ្វើអ្វីខ្លះ នាការប្រគល់ជូនពេលខាងមុខ តាមបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលត្រូវប្រគល់ឈើទាំងនេះជូនក្រសួងអប់រំ»។
សូមបញ្ជាក់ថា នៅព្រឹកមិញ គណៈប្រតិភូអន្តរក្រសួង និងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា បានចេញដំណើរតាមឧទ្ធម្ភាគចក្រចំនួន២គ្រឿង ទៅត្រួតពិនិត្យឈើល្មើសដែលឃាត់ទុកនៅក្នុងភូមិសាស្ត្រភាគឦសានប្រទេស។
ការចុះត្រួតពិនិត្យនេះ យោងតាមស្មារតីអង្គប្រជុំនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ សមាសភាពទាំងអស់រួមមាន រដ្ឋមន្ត្រី រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកស្រីរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការជាតិ ជាច្រើនរូបផងដែរ។ ពេលទៅដល់ខេត្តមណ្ឌលគិរី គណៈប្រតិភូបានចុះទៅពិនិត្យទីតាំងស្តុកឈើ នៅក្រុមហ៊ុន «ម៉ាស្ទ័រខេសាន់» នាស្រុកកោះញែក។
តាមមន្រ្តីសាលាខេត្តមណ្ឌលគិរី បានថ្លែងថា ក្រោយការកចុះពិនិត្យរួចហើយ ប្រតិភូបានប្រគល់ឈើ ខុសច្បាប់ជាច្រើនម៉ឺនម៉ែត្រគូបនៅតាម បណ្តាក្រុមហ៊ុននានា នៃទឹកដីមួយនេះ ទៅឱ្យទៅអាជ្ញាធរខេត្តថែរក្សាទុកមួយរយះសិន និងត្រៀមប្រគល់ឈើទាំងនោះឱ្យទៅក្រសួងអប់រំ សម្រាប់ប្រើប្រាស់តាមតម្រូវការ តាមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល៕