(ប៉េកាំង)៖ ក្រុមហ៊ុនលក់ផលិតផលតាមអនឡាញ Alibaba របស់ចិន បានចេញមកប្រកាស ក៏ដូចជាច្រានចោល នូវរាល់ព័ត៌មានដែលលេចឮថា ក្រុមហ៊ុនយក្សរបស់ចិនមួយនេះ បានកំពុងតែចរចាទិញក្លឹបបាល់ទាត់អាជីព AC Milan របស់អ៊ីតាលី នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៨ ខែមេសា។
Alibaba បានបដិសេធចំពោះរបាយការណ៍ ដែលបានចុះផ្សាយនៅថ្ងៃពុធ ទី២៧ ខែមេសាម្សិលមិញរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីថា មេធំក្រុមហ៊ុន Alibaba លោក Jack Ma បានផ្តល់លុយចន្លោះ ៤៥០លានដុល្លារ ជាថ្នូរនឹងការទិញភាគហ៊ុនក្លឹបបាល់ទាត់ជើងខ្លាំងដែលកំពុងលេងនៅក្របខណ្ឌកំពូល Serie A របស់អ៊ីតាលីនាបច្ចុប្បន្ន ៧០ភាគរយ ក្នុងនាមជាម្ចាស់ភាគហ៊ុនច្រើនជាងគេក្នុងក្លឹបនេះ គ្រាដែលម្ចាស់ក្លឹបនេះលោក Silvio Berlusconi កំពុងជួបវិបត្តិហិរញ្ញវត្ថុ។
ភ្លាមៗនោះលោក Jack Ma បានឆ្លើយតប ក៏ដូចជាបដិសេធជុំវិញរបាយការណ៍មិនពិតនៅលើបណ្ដាញសង្គម Weibo និង Twitter ដោយ បានសរសេរថា «ក្លឹប AC Milan ស្ថិតក្នុងទីក្រុង Milan មែនទេ? ពេលថ្មីៗនេះ ខ្ញុំបានទទួលដំណឹងថា អតីតកីឡាករប្រដាល់ពិភពលោក Mike Tyson បានធ្វើដំណើរទៅកាន់ទីក្រុង Milan ដើម្បីនិយាយពីរឿងនេះ តែខ្ញុំមិនប្រាកដនោះទេ»។
Jack Ma គ៏ជាអ្នកគាំទ្របាល់ទាត់មួយរូបផងដែរ ដោយលោកបានទិញភាគហ៊ុនក្នុងក្លឹបបាល់ទាត់ Guangzhou Evergrande របស់ចិនផងដែរ។
សូមរំលឹកដែរថា កាលពីថ្ងៃទី២៥ ខែមេសា រាជបុត្រាប្រទេសម៉ាឡេស៊ី ព្រះអង្គម្ចាស់ Tunki Ismail Sultan Ibrahim ក៏ បានបដិសេធជុំវិញពាក្យចចាមអារ៉ាមដែលថា ព្រះអង្គបានកំពុងចរចាទិញបាល់ទាត់ AC Milan៕