(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានស្នើឱ្យក្រុមអ្នកវិនិយោគទុនជប៉ុន ពិចារណាលើការដាក់ទុនវិនិយោគផ្នែកសណ្ឋាគារលំដាប់ផ្កាយ៤ និងផ្កាយ៥ នៅតំបន់មាត់សមុទ្រ និងតំបន់អង្គរកម្ពុជា ដែលជាតំបន់ទេសចរដ៏មានសក្តានុពល។
សំណើផ្ទាល់មាត់ របស់លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានធ្វើឡើង នៅក្នុងជំនួបជាមួយ ក្រុមអ្នកវិនិយោគជប៉ុន តាមរយៈសមាគមសហប្រតិបត្តិការ ជប៉ុន-កម្ពុជា JCIA (Japan Cambodia Interactive Associat-ion) នៅទីស្តីការក្រសួងទេសចរណ៍ កាលពីម្សិលមិញ។
នៅក្នុងជំនួបនោះ លោក ថោង ខុន បានលើកឡើងថា តំបន់ទាំងពីរនេះ កំពុងមានតម្រូវការ លើវិស័យសណ្ឋាគារកម្រិតផ្កាយ៤ និងផ្កាយ៥ ដើម្បីទប់ទល់នឹងកំណើនភ្ញៀវទេសចរ ដែលមកកម្សាន្ត។ លោកថា ក្រសួងទេសចរណ៍កំពុងជំរុញការអនុវត្តគោលនយោបាយសម្រាប់ទេសចរចូលនិវត្តន៍ និងគោលនយោបាយផ្ទះទី២ សម្រាប់ទេសចរផងដែរ។
លោករដ្ឋមន្រ្តី ក៏បានលើកឡើង អំពីក្តីរំពឹងទៅលើកំណើននៃភ្ញៀវទេសចរជប៉ុន នៅពេលដែលជើងហោះហើរត្រង់ពីប្រទេសជប៉ុនមកកម្ពុជា នឹងចាប់ដំណើរការនៅខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។ ជើងហោះហើរនេះនាំមកដោយក្រុមហ៊ុន All Nippon Airline (ANA) ហើយរាជរដ្ឋាភិបាលកម្ពុជាក៏មានគោលនយោបាយផ្ដល់ទិដ្ឋាការច្រើនដងរយៈពេល ៣ឆ្នាំ ជូនទេសចរ ចិន ជប៉ុន កូរ៉េ ផងដែរ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅឆ្នាំ២០១៥ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤.៧៧៥.២៣១នាក់ ដែលកើនឡើងប្រមាណ ៦,១ភាគរយ បើធៀបនឹងឆ្នាំ២០១៤ ក្នុងនោះភ្ញៀវទេសចរជប៉ុនដែលបានមកកម្សាន្តនៅកម្ពុជា មានចំនួន១៩៣.៣៣៣នាក់ កើនឡើងប្រមាណ៤% បើធៀបនឹងឆ្នាំ២០១៤៕