(ក្រចេះ)៖ លោកឧត្ដមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានឲ្យដឹងថា កម្លាំងនគរបាលរបស់លោក សហការជាមួយអាជ្ញាធរស្រុកបិត្របុរី និងកម្លាំងអាវុធហត្ថនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានបើកយុទ្ធនាការចុះចែកទឹកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាតទឹកក្នុងឃុំចំនួន៤ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា «ការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលជួបគ្រោះរាំងស្ងួតនេះ កម្លាំងនគរបាលជាច្រើននាក់ មានទាំងអាជ្ញាធរស្រុកចិត្របុរី និងមន្រ្តីអាវុធហត្ថស្រុកចិត្របុរីផងដែរ បាននាំយកទឹកទៅចែកជូនប្រជាពលរដ្ឋជាច្រើនគ្រួសារនៅតាមឃុំចំនួន៤ ក្នុងស្រុកចិត្របុរីរួមមាន៖ ឃុំសំបុក ឃុំចង្រ្គង់ ឃុំដា និងឃុំកន្ទួត»

លោក ហង្ស ចាន់ឌី អភិបាលស្រុកចិត្របុរីបានឲ្យដឹងថា ការចុះជួយដំបូងបានធ្វើឡើងនៅរសៀលថ្ងៃនេះ ដោយបាននាំទឹកយកទៅជូនប្រជាពលរដ្ឋ​បានចំនួន៣ឃុំ ពីព្រោះឃុំទាំងបីនេះ នៅឆ្ងាយពីទន្លេដល់ទៅ២០គីឡូម៉ែត ហើយក្នុងនោះមានប្រជាពលរដ្ឋចំនួន៦៨៥គ្រួសារ ដែលកម្លាំងនគរបាល បានចំណាយទឹកអស់ចំនួន២៤ឡាន។

ដោយឡែក ឃុំចង្រ្គង់ ស្ថិតនៅជិតទន្លេជាងឃុំដទៃ ប្រជាពលរដ្ឋអាចមានលទ្ធភាពទិញទឹកប្រើប្រាស់បាន ដូច្នេះហើយត្រូវចាំមួយថ្ងៃសិន ទើបក្រុមការងារចុះទៅដល់។ សូមបញ្ជាក់ថា ការចុះជួយចែកទឹកដល់ប្រជាពលរដ្ឋនេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីប៉ុន្មានថ្ងៃនេះ និងជាក់ស្តែងកាលពីព្រឹកមិញ ពេលសម្តេចអញ្ជើញចែកសញ្ញាប័ត្រជូននិសិត្សសកលវិទ្យាល័យធនធានមនុស្ស៕