(ភ្នំពេញ)៖ អង្គការសកម្មភាពដើម្បីកុមារ (APLE) គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (NCCT) ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (CNCC) និងសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ (Cambodian Red Cross Phnom Penh Branch) នៅថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ នឹងសហការគ្នាប្រារព្ធយុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៉ីនធឺណិតឆ្នាំ២០២២។ ពិធីនេះនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយវិជ្ជមាន និងមានសុវត្ថិភាពសម្រាប់កុមារ និងយុវជនវ័យក្មេង និងលើកទឹកចិត្តឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ សេចក្តីគោរព ការគិតពិចារណា និងភាពច្នៃប្រឌិត។

ទិវាសុវត្ថិភាពអ៉ីនធើណិត ត្រូវបានប្រារព្ធឡើងរួមគ្នាដោយមូលនិធិ INSAFE និង INHOPE របស់មជ្ឈមណ្ឌលសុវត្ថិភាពអ៉ីនធើណិតនៃសភាពអឺរ៉ុប ដោយមានការគាំទ្រពីគណៈកម្មាការអឺរ៉ុប ក្នុងខែកុម្ភៈរៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយវិជ្ជមាន និងមានសុវត្ថិភាពសម្រាប់កុមារ និងយុវជនវ័យក្មេង។ ដោយបានប្រារព្ធឡើងនាថ្ងៃទីពីរ សប្តាហ៍ទីពីរ និងខែទីពីរជារៀងរាល់ឆ្នាំ មនុស្សរាប់លាននាក់បានចូលរួម និងជំរុញឱ្យមានការផ្លាស់ប្តូរតាមប្រព័ន្ធអនឡាញជាវិជ្ជមាន និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងចូលរួមសកម្មភាពនានានៅជុំវិញសកលលោក។ ខណៈដែលការប្រារព្ធទិវានេះអាចធ្វើឡើងតាមប្រព័ន្ធអនឡាញ ឬធ្វើដោយផ្ទាល់ដោយសារតែស្ថានភាពប្រឈមនៃជម្ងឺកូវីដ១៩ យើងសង្ឃឹមថាទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២២នេះ នឹងក្លាយជាព្រឹត្តិការណ៍សកលដ៏សំខាន់មួយ និងមានការចូលរួមកាន់តែច្រើន។

អស់រយៈពេលជាច្រើនឆ្នាំ ទិវាសុវត្ថិភាពអ៉ីនធឺណិតបានក្លាយជាព្រឹត្តិការណ៍សកលដ៏សំខាន់មួយក្នុងកម្មវិធីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ។ ដោយចាប់ផ្តើមពីគម្រោង SafeBorders របស់សហភាពអ៊ឺរ៉ុបក្នុងឆ្នាំ២០០៤ ហើយបានបន្តអនុវត្តដោយបណ្តាញ Insafe ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពនានាក្នុងឆ្នាំ២០០៥ ទិវាសុវត្ថិភាពអ៊ីនធឺណិតបានពង្រីកវិសាលភាពរបស់ខ្លួន ហើយមានប្រទេស និងដែនដីប្រមាណជា២០០ នៅទូទាំងពិភពលោកបានចូលរួមប្រារព្ធអបអរសាទរ។

នៅប្រទេសកម្ពុជា អង្គការសកម្មភាពដើម្បីកុមារ (APLE) ដែលជាសមាជិកនៃគណៈកម្មាធិការសុវត្ថិភាពអ៉ីនធឺណិត បានប្រារព្ធទិវានេះឡើងចាប់តាំងពីឆ្នាំ២០១៩។ មនុស្សរាប់ពាន់នាក់ ជាពិសេសកុមារ និងយុវជនវ័យក្មេង បានចូលរួមប្រារព្ធទិវាសុវត្ថិភាពអ៉ីនធឺណិតនេះបីឆ្នាំជាប់គ្នា។

លោក សំលៀង សីលា នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីកុមារ (APLE) បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ដោយមានការឧបត្ថម្ភពីអង្គការភ្លែនអន្តរជាតិកម្ពុជា (PLAN International Cambodia) អង្គការយូនីសេហ្វប្រចាំកម្ពុជា (UNICEF Cambodia) ក្រុមហ៊ុន Smart Axiata មូលនិធិ World Childhood និងមូលនិធិ Bread for the World យុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៉ីនធឺណិត នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ ការពារ និងគោរពសិទ្ធិកុមារ តាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញប្រកបដោយការទទួលខុសត្រូវ» ដែលនឹងមានអ្នកចូលរួមជាង ៣០០នាក់ រួមមាន កុមារ យុវជន មន្រ្តីរាជរដ្ឋាភិបាល គ្រូបង្រៀន បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងប្រតិបត្តិករអ៊ីនធើណិត។

លោក សំលៀង សីលា បានបង្ហាញក្តីសង្ឃថា ព្រឹត្តិការណ៍ឆ្នាំនេះនឹងក្លាយជាជំហ៊ានដ៏សំខាន់ឆ្ពោះទៅការរក្សាសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ និងផ្តល់ឱ្យពួកគេនូវភាពសប្បាយ រីករាយ ជាពិសេសសម្រាប់កុមារ និងយុវជនវ័យក្មេងដែលនឹងចូលរួមដោយផ្ទាល់។ បន្ទាប់ពីកម្មវិធីនៅនៅវិទ្យាស្ថានជាតិអប់រំ ទិវាសុវត្ថិភាពអ៉ីនធឺណិត ក៏នឹងត្រូវប្រារព្ធធ្វើឡើងជាមួយកុមារចំនួន៣០០នាក់មកពីវិទ្យាល័យឯកជនចំនួនពីរក្នុងរាជធានីភ្នំពេញ។

លោក សំលៀង សីលា បានលើកឡើងថា៖ «ការចូលរួមប្រារព្ធទិវាសុវត្ថិភាពអ៉ីនធឺណិតនេះ បានសំដែងនូវការប្តេជ្ញាចិត្តដ៏មុះមុតរបស់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការការពារកុមារពីគ្រប់ទម្រង់ទាំងអស់នៃការរំលោភបំពាន រួមទាំងការរំលោភបំពានតាមប្រព័ន្ធអនឡាញ និងបានក្លាយជាចំណែកដ៏ធំមួយនៃការផ្លាស់ប្តូរឥរិយាបទ និងការជម្រុញទឹកចិត្តឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិតប្រកបដោយការទទួលខុសត្រូវ ការគោរព ការចេះគិតពិចារណា និងភាពច្នៃប្រឌិត»។

លោក សំលៀង សីលា ស្វាគមន៍បណ្តាញសារព័ត៌មានទាំងអស់ចូលរួមក្នុង «ទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២២» និងចូលរួមបំពេញតួនាទីរក្សាសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ តាមរយៈការចូលរួមផ្សព្វផ្សាយដល់សាធារណជន ទូទៅ។