(ស្ទឹងត្រែង)៖ ភ្ញៀវទេសចរជាតិ បានទៅលេងកម្សាន្តតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា ក្នុងខេត្តស្ទឹងត្រែងមាន ប្រមាណជាង៧០០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម រយៈពេល ៣ថ្ងៃ។ មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្ត បានចាត់ទុកថា នេះជាសញ្ញាមួយបង្ហាញពីវិស័យទេសចរណ៍ បានដំណើរការល្អឡើងវិញ បន្ទាប់ពីជួបវិបត្តិជំងឺកូវីដ១៩ កន្លងមក។

ក្នុងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ នានានៅខេត្តស្ទឹងត្រែង ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម រយៈពេល ៣ថ្ងៃ លោក អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានកត់សំគាល់ថា ភ្ញៀវទេសចរមានភាពសប្បាយរីករាយ ក្នុងការធ្វើដំណើរកម្សាន្ត និងមានការទទួលខុសត្រូវខ្ពស់ ចំពោះសុខភាពផងដែរ។

លោកប្រធានមន្ទីរបន្តថា៖ «នេះជាការរួមគ្នាអនុវត្តនូវវិធានសុខាភិបាល ទោះបីថាបងប្អូនប្រជាពលរដ្ឋយើងទទួលបានការចាក់វ៉ាក់សាំងហើយក៏ដោយ ពួកគាត់មានការយល់ដឹង និងគោរពបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការបីកុំ បីការពារ និងចូលរួមផ្នែកបរិស្ថានក៏បានល្អប្រសើរដែរ»

ទន្ទឹមនឹងប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ គួបផ្សំនឹងរាជរដ្ឋាភិបាលបានបង្កើនការអភិវឌ្ឍលើគ្រប់វិស័យ លោកសំណូមពរឱ្យម្ចាស់រមណីយដ្ឋានគិតពីការរៀបចំ ឱ្យមានសោភណ្ឌភាព និងសុវត្ថិភាពជូនភ្ញៀវ ធ្វើយ៉ាងម៉េចឲ្យមានសុវត្ថិភាពភ្ញៀវទេសចរដែលចូលមកលេងកម្សាន្តនៅទីនេះ ជាពិសេស គោរពនូវវិធានការ «៣កុំ និង៣ការពារ» ហើយត្រូវមានវិធានការសុវត្ថិភាព ទេសចរណ៍។

លោក ផាន់ ប៊ុនហាត់ ភ្ញៀវទេសចរ មកពីខេត្តកំពង់ចាម បានទទួលស្គាល់ថា នេះជាផ្នែកមួយពង្រឹងទៅលើវិស័យទេសចរណ៍ ស្របគ្នាទៅនឹងរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍប្រទេស មានការរីកចម្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏បានការពារសន្តិសុខបានល្អប្រសើរផងដែរ។

លោកអះអាងថា ក្នុងដំណើរកម្សាន្ត លោកនឹងធ្វើដំណើរឱ្យបានគ្រប់ខេត្តនៅភាគឥសាន្តនៃប្រទេសកម្ពុជា ព្រោះត្រូវចេញដំណើរពីខេត្តកំពង់ចាម ចូលទៅខេត្តកំពង់ធំ ទៅកាន់ខេត្តព្រះវិហារ បន្តមកសំរាកនៅខេត្តស្ទឹងត្រែង ហើយចេញដំណើរទៅរតនគីរី និងទៅសំរាកនៅមណ្ឌលគីរី ចេញទៅខេត្តក្រចេះ ហើយបន្តទៅត្បូងឃ្មុំ និងចូលខេត្តកំពង់ចាមវិញតែម្តង។

សូមបញ្ជាក់ថា ភ្ញៀវទេសចរជាតិឆ្នាំនេះ មកលេងនៅតាមរមណីយដ្ឋាននានាក្នុងខេត្តស្ទឹងត្រែង មិនដល់មួយម៉ឺននាក់ក៏ពិតមែន តែជាវត្តមានមួយបង្ហាញឱ្យឃើញពីវិស័យទេសចរជាតិយើង កំពុងត្រូវបានដំណើរឡើងវិញ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានផ្តើមបើកប្រទេសឡើងវិញនៅចុងឆ្នាំ២០២១មក៕