(កំពង់ឆ្នាំង)៖ ផ្ទះថ្មទ្រុឌទ្រោមចំនួន១៣ល្វែង ដែលមានអាយុកាល ៩១ឆ្នាំហើយនោះ នៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បាននិងកំពុងដំណើរការវាយកម្ទេចចោលហើយ។ វាជាអគារ សម័យអាណានិគមនិយមបារាំង ដែលត្រូវបានសាងសង់ឡើង នៅឆ្នាំ១៩៣១។

បុរសម្នាក់ជាមេការការទទួលខុស ត្រូវក្នុងការវាយកម្ទេចផ្ទះថ្ម ទាំង ១៣ ល្វែងនេះ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០ ២២ បាននិយាយឲ្យដឹងថា ក្រុមហ៊ុនលោកបានដំណើរ ការវាយកម្ទេចផ្ទះថ្មនេះបានបានរយៈពេល ៣ថ្ងៃហើយ និងប្រហែលជាង ១០ថ្ងៃទៀត នឹងរួចរាល់។

លោកមេការបានបន្តឲ្យដឹងថា ក្រោយពីការវាយកម្ទេចផ្ទះថ្មនេះបាន ៣ល្វែង លោកពិនិត្យឃើញថាគុណភាពបេតុង បានពុកផុយអស់ហើយ ចំណែកដែកសរសៃពិដាន ភាគច្រើនក៏បានច្រេះចាប់ខូចគុណភាពអស់ហើយដែរ គឺមានតែយកទៅស្លផលិតជាដែកថ្មីតែប៉ុណ្ណោះ។ ចំពោះថ្លៃឈ្នួលវាយកម្ទេចផ្ទះ ១៣ល្វែងនេះ លោកមេការពុំបាន ដឹងថ្លៃឡើយ គឺទាល់តែសួរទៅប្រធានក្រុមហ៊ុននៅឯរាជធានីភ្នំពេញ។

បុរសជាមេការបានបញ្ជាក់ទៀតថា ចំពោះការសាងសង់ផ្ទះថ្មទាំង ១៣ល្វែងនេះឡើងវិញ គឺម្ចាស់ផ្ទះមិនទាន់ចរចាតម្លៃត្រូវជាមួយក្រុមហ៊ុន ដែលត្រូវសាងសង់ផ្ទះល្វែងនេះឡើងវិញនៅឡើយដែរ។

ដោយឡែក ប្រភពពីប្រជាពលរដ្ឋនៅជិតផ្ទះល្វែងនេះ បានឲ្យដឹងថា ថ្លៃឈ្នួលវាយកម្ទេចផ្ទះថ្ម១៣ល្វែងនេះ ក្នុងមួយល្វែងៗ ត្រូវចំណាយប្រាក់ប្រមាណ ១,៧០០ដុល្លារ។

លោក ហ៊ីង ភ័ពមិនា អភិបាលរងក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីសប្តាហ៍មុនអាជ្ញាធរខេត្ត បានចេញលិខិតអនុញ្ញា ឲ្យម្ចាស់ផ្ទះទាំង ១៣ល្វែង ជួលក្រុមហ៊ុនកម្ទេចផ្ទះថ្មទ្រុឌទ្រោមនេះចោល ដោយម្ចាស់ ផ្ទះត្រូវចរចាថ្លៃឈ្នួលវាយផ្ទះថ្មនេះជាមួយក្រុមហ៊ុនដោយខ្លួនឯង។

ចំពោះការសាងសង់ផ្ទះទាំងនេះឡើងវិញ ក៏ដូចគ្នាដែរ គឺម្ចាស់ផ្ទះត្រូវចរចាតម្លៃសាងសង់ផ្ទះឡើងវិញ ជាមួយក្រុមហ៊ុនដោយខ្លួនឯង ចំណែកអាជ្ញាធរខេត្តគ្រាន់តែជាអ្នកជួយសម្របសម្រួលផ្លូវច្បាប់តែប៉ុណ្ណោះ៕