(ភ្នំពេញ)៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ តូបលក់ដូរ និងបន្ទប់ចំនួន៧ករណី ក្នុងនោះមានផ្ទះចំនួន៥ ប៉ុន្តែ មិនបង្កឱ្យមនុស្សរបួស និងស្លាប់នោះទេ។

តាមរបាយការណ៍របស់នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់ថា សម្រាប់ករណីគ្រោះថ្នាក់អគ្គិភ័យនេះ បានថយចុះ ៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១។

មូលហេតុដែលបង្កឱ្យមានករណីអគ្គិភ័យកើតឡើងរួមមាន៖ ឆ្លងចរន្តអគ្គិសនី៣លើក, ភ្លើងព្រៃរាលឆេះ ២លើក, ផ្ទុះកំប៉ុងហ្គាស១លើក និងភ្លើងចង្ក្រាន ១លើក។

សម្រាប់រាជធានី-ខេត្ត ដែលកើតអគ្គិភ័យរួមមាន៖ ខេត្តព្រៃវែង, ខេត្តត្បូងឃ្មុំ, ខេត្តស្ទឹងត្រែង, ខេត្តព្រះវិហារ, ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប៕