(ភ្នំពេញ)៖ បន្ទាប់ពីចោទសួរទៅកាន់ជនជាប់ចោទម្នាក់ និងសាក្ស៊ីម្នាក់ នៅក្នុងសវនាការ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេល សវនាការ លើសំណុំរឿងវ៉ៃតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ទៅថ្ងៃក្រោយទៀត។
សវនាការនៅព្រឹកមិញនេះដឹកនាំដោយ លោក ហេង សុខណា ជាចៅក្រមជំនុំជម្រះ និង លោក ស៊ិន វីរៈ ជាតំណាងអយ្យការ។ ចំណែកជនជាប់ចោទទាំង ៣នាក់មានឈ្មោះ ចាយ សារិទ្ធ អាយុ៣២ឆ្នាំ ឈ្មោះ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ និង ឈ្មោះ សុត វណ្ណនី អាយុ៤៥ឆ្នាំ ដែលជាប់ចោទពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៨ និង មាត្រា៤១១នៃក្រមព្រហ្មទណ្ឌ។
សូមជំរាបថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៥ បន្ទាប់ពីមានបាតុកម្មប្រឆាំងនឹង លោក កឹម សុខា អតីតអនុប្រធានទី១នៃរដ្ឋសភា មានករណីហិង្សាដែលកើតឡើងលើតំណាងរាស្រ្ត២រូបរបស់គណបក្សសង្រ្គោះជាតិ នៅក្បែររដ្ឋសភានោះដែរ។ លោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និង លោក គង់ សភា តំណាងរាស្ត្រមណ្ឌលស្វាយរៀង ត្រូវបានមនុស្សមួយក្រុមប្រើហិង្សាវាយដំលើរូបរាងកាយបណ្តាលឲ្យរងរបួសយ៉ាងដំណំពេលចេញពីប្រជុំសភា ។ អ្នកតំណាងរាស្រ្តទាំងពីររូបប្តឹងអ្នកបង្កហិង្សារលើរូបលោកពីបទ «ប៉ុនប៉ងឃាតកម្មគិតទុកជាមុន» និង «ធ្វើឱ្យខូចខាត ដោយ ចេតនាមានស្ថានទម្ងន់ទោស» ទាមទារសំណងជំងឺចិត្តម្នាក់ចំនួន ១០០លានរៀល។
កាលពីថ្ងៃទីល្ងាច ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បុរស៣នាក់ខាងលើ ដែលត្រូវបានសាធារណជនចោទប្រកាន់ថា មានការពាក់ព័ន្ធនឹងករណីវាយតំណាងរាស្រ្តនោះ បានចេញមុខសារភាពចំពោះ មុខគណៈកម្មការស៊ើបអង្កេតក្រសួងមហាផ្ទៃ ហើយតុលាការសម្រេចឃុំខ្លួនពួកគេ៕