(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវថា អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានប្តេជ្ញាបន្តក្នុងការថែរក្សាព្រំដែនសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសកម្ពុជា។

ការអះអាងបែបនេះរបស់ អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានធ្វើក្នុងឱកាសដែលលោកចូលជួបសម្តែងការគួរសមជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នាទីស្តីការក្រសួងការពារជាតិ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា ។

នៅក្នុងឱកាសនោះ អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងពីនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចារ ជូនដល់សម្តេចពិជ័យសេនា ទៀ បាញ់។ នាយឧត្តមសេនីយ៍ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវត្តន៍រីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា និងកងយោធពលខេមរភូមិន្ទ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះ នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវថា ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងទ័ពជើងគោកភូមិន្ទថៃ បំពេញទស្សនកិច្ចនៅកម្ពុជា និងជួបពិភាក្សាការងារទ្វេភាគីជាមួយនឹងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា កន្លងមកនេះ ប្រទេសទាំងពីរ មានបញ្ហាបន្តិចបន្តួច តែយើងបានជំរុញ និងដោះស្រាយដោយសន្តិវិធី ដោយប្រកាន់ខ្ជាប់នូវប្រពៃណីទំនាក់ទំនងដ៏ល្អនឹងគ្នា ធ្វើឱ្យប្រជាជនរស់នៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ប្រកបរកស៊ីបានយ៉ាងល្អ ពិសេសប្រជាពលរដ្ឋ ខេត្តជាប់សមុទ្រ ហើយជាមោទនភាពផងដែរដែលកងទ័ពនៃប្រទេសទាំងពីរ បាននាំមុខនៅក្នុងចាត់ចែងកិច្ចការទាំងឡាយរបស់ប្រទេស និងប្រជាជនទាំងពីរ ពិសេសភារកិច្ចស្នូល គឺការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

សម្តេចពិជ័យសេនាបានបញ្ជាក់បន្ថែមថា ឆ្នាំ២០២២នេះ ក្រសួងការពារជាតិកម្ពុជា ជាប្រធានប្តូរវេន កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ហើយបានចាប់ផ្តើមប្រជុំពិភាក្សានៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ តទៅ ដែលជាឱកាសមួយដ៏ល្អនៅក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបើកប្រទេសក្រោយការធូរស្រាលនៃជំងឺកូវីដ១៩ និងជាមោទនភាពផងដែរ ដែលក្នុងរយៈពេលជាង១ខែមកនេះ កម្ពុជាគ្មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នោះទេ តែមានអ្នកឆ្លងខ្លះៗ ដែលមិនធ្ងន់ធ្ងរ តែទោះបីយ៉ាងក៏ដោយសម្តេចបានបញ្ជាក់ថា យើងនៅបន្តរក្សាប្រកាន់ខ្ជាប់វិធានការសុខាភិបាល «៣កុំ និង៣ការពារ» ជាប់ជានិច្ច។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ដែរថា ក្នុងនាមប្រធានប្តូរវេនអាស៊ាន កម្ពុជានឹងខិតខំបំពេញតួនាទីឱ្យបានពេញលេញ និងបានស្នើសុំដល់អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ជួយគាំទ្រដើម្បីឱ្យកិច្ចប្រជុំនៅឆ្នាំនេះ ទទួលបានជោគជ័យតាមការគ្រោងទុក៕