បុគ្គលិកបោសសំអាតមីននៅឃុំថ្មដា របស់អង្គការ Hello Trust ម្នាក់ជាន់មីនរងរបួសធ្ងន់
28-04-2016 16:15
(ពោធិ៍សាត់)៖ បុរសម្នាក់ដែលជាបុគ្គលិក របស់អង្គការ Hello Trust បានរងរបួសធ្ងន់ ដោយសារដើរជាន់មីន ពេលដែលគាត់កំពុងបំពេញការងារបោសសំអាតមីន នៅចំណុចភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់មុខមណ្ឌលសុខភាពថ្មដានាម៉ោង ១០៖៤០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នេះ។
លោក ជា ជួន មេបញ្ជាការរងវរៈការពារព្រំដែន ៨២៥ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះដោយសារជាន់មីនពេលបំពេញ ការងារមានឈ្មោះ ផែន ណារ័ត្ន អាយុ៣៦ឆ្នាំ រស់នៅភូមិកែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ហើយជនរងគ្រោះបានរងរបួសធ្ងន់ ត្រង់ដៃឆ្វេង និង ដើមទ្រូងខាងស្តាំ ។ លោកមេបញ្ជាការរង បានឲ្យដឹងដែរថា ប្រភេទមីនដែលបង្កគ្រោះថ្នាក់ដល់បុគ្គលិកបោសសំអាតមីន អង្គការ Hello Trust ជាប្រភេទមីន ដែលបន្សល់ទុកកប់ក្នុងដីជាប់ព្រំដែន កម្ពុជា-ថៃ តាំងពីសម័យសង្គ្រាមមកម្ល៉េះ។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានក្រុមការងារបោសសំអាតមីន បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃ៕