(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានទណ្ឌិតចំនួន៣២៨នាក់ ត្រូវបានព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រ នៅអំឡុងឆ្នាំ២០១៥។ នេះបើតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌។
ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា នៅឆ្នាំ២០១៥ ក្រសួងបានលើកសំណើថ្វាយព្រះមហាក្សត្រ ដើម្បីស្នើសុំការលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតជិត ១,៩០២នាក់នៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែក្នុងនោះមានទណ្ឌិត៣២៨នាក់ប៉ុណ្ណោះ ដែលទទួលបានការព្រះរាជលើកលែងទោស ពីព្រះមហាក្សត្រ។
យោងតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ដែលបានផ្សព្វផ្សាយឲ្យដឹង នៅក្នុងពិធីបូកសរុបការងារយុត្តិធម៌ ឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ បានបញ្ជាក់ថា ទណ្ឌិត ចំនួនជិត១,៩០២នាក់នៅទូទាំងប្រទេស ត្រូវបានក្រសួងយុត្តិធម៌ ស្នើឲ្យមានការបន្ធូរបន្ថយ និងលើកលែងទោស នៅក្នុងពិធីបុណ្យធំៗទាំង៣របស់កម្ពុជា។
សម្រាប់ឆ្នាំ២០១៥កន្លងមកនេះ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺក្រសួងយុត្តិធម៌បានស្នើឲ្យមានការបន្ធូរបន្ថយ និង លើកលែងទោសទណ្ឌិត ចំនួន៨០២នាក់ ក្នុងនោះមានទណ្ឌិតត្រូវលើកលែងទោស ចំនួន១៥១នាក់ បន្ថយទោសពី១ជីវិតមក២០ឆ្នាំ មានចំនួន៨នាក់ បន្ថយទោសមកនៅ១២ខែ មានចំនួន២០៥នាក់ និងបន្ថយទោសមកនៅ ៩ខែមាន ១៦៨នាក់ និងបន្ថយទោស៦ខែ មានចំនួន២៧៣នាក់។
ចំណែកនៅក្នុងឱកាសបុណ្យពិសាខបូជាវិញ ក្រសួងយុត្តិធម៌បានស្នើឲ្យមានការបន្ធូរបន្ថយ និង លើកលែងទោសទណ្ឌិត សរុបមានចំនួន៣៤២នាក់ ក្នុងនោះ មានទណ្ឌិតត្រូវ បន្ថយទោសមកនៅ១២ខែ មានចំនួន៩៧នាក់ និងបន្ថយទោសមកនៅ ៩ខែមាន ៨៤នាក់ និងបន្ថយទោស៦ខែ មានចំនួន១៦១នាក់។
រីឯពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ក្រសួងយុត្តិធម៌បានស្នើឲ្យមានការបន្ធូរបន្ថយ និងលើកលែងទោសទណ្ឌិត សរុបមានទណ្ឌិត៦៨០នាក់ ក្នុងនោះមានទណ្ឌិតត្រូវលើកលែងទោស ចំនួន១០២នាក់ បន្ថយទោសពី១ជីវិតមក២០ឆ្នាំ មានចំនួនម្នាក់ បន្ថយទោសមកនៅ១២ខែ មានចំនួន២២៥នាក់ និងបន្ថយទោសមកនៅ ៩ខែ មាន១១៨នាក់ និងបន្ថយទោស៦ខែ មានចំនួន២៣៤នាក់។
សូមបញ្ជាក់ថា ជាទូទៅការបន្ធូរបន្ថយ និងលើកលែងទោស គឺធ្វើឡើងបីដងក្នុងមួយឆ្នាំក្នុងនោះ មាននៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ពិធីបុណ្យពិសាខបូជា និងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ៕