(ភ្នំពេញ)៖ ប្រធានសមាគមជប៉ុន-កម្ពុជា លោក Fumiaki TAKAHASHI បានសន្យាលើកយកសំណើរបស់កម្ពុជាក្នុងការបង្កើតពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន ដាក់ជូនរដ្ឋាភិបាលជប៉ុនពិចារណា ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ជប៉ុន។

បំណងចង់ឱ្យមានការធ្វើពាណិជ្ជកម្មសេរីរវាងកម្ពុជា និងជប៉ុននេះ ត្រូវបានលើកឡើងដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Fumiaki TAKAHASHI នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ កិច្ចពិភាក្សានេះ ធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរឡើង។

ក្នុងជំនួបនេះ លោក ប៉ាន សូរស័ក្តិ បានលើកបង្ហាញនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគមួយចំនួន ដែលធ្វើឱ្យមានភាពល្អប្រសើរលើការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសកម្ពុជា និងជប៉ុន។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជាមួយភាពជាដៃគូជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការនេះ ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់នូវកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគលើវិស័យច្រើនទៀត។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានបន្ថែមថា វិនិយោគិនជប៉ុន បានមកវិនិយោគនៅកម្ពុជា ដោយនាំមកនូវលំហូរបច្ចេកវិទ្យា ចំណេះដឹង និងជំនាញ ពីការវិនិយោគផ្ទាល់ពីប្រទេសជប៉ុន (FDI) និងជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)។ បន្ថែមពីលើនេះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន (AJCEP) បានពន្លឿនការឆ្លើយតបនឹងការអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុន តាមរយៈការផ្តល់សិទ្ធិសេរីភាពនៃពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ។

«ជាក់ស្ដែងតាមស្ថិតិពាណិជ្ជកម្មពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (DGCE) ការនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសជប៉ុន បានឈានដល់ប្រមាណ ១.៥ពាន់លានដុល្លារ គិតត្រឹម ខែសីហា ឆ្នាំ២០២១។ សក្តានុពលផលិតផលនាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងសង្ហារឹម ដែលមានចំនួនខ្ពស់បំផុតក្នុងចំណោមផលិតផលផ្សេងទៀត ក្រៅពីនោះមានផលិតផលស្បែកជើង សម្លៀកបំពាក់ វាយនភ័ណ្ឌ និងផលិតផលប្រើប្រាស់ផ្សេងៗទៀតជាច្រើនមុខ»។ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានគូសបញ្ជាក់ពីលទ្ធផលកើតចេញពីកិច្ចសហប្រតិបត្តិការពាណិជកម្មរវាងកម្ពុជា និងជប៉ុន។

លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា កម្ពុជា ក៏បាននាំចូលសូត្រឆៅពីប្រទេសជប៉ុន ប្រមាណ ៤០០ ទៅ ៥០០តោន ក្នុងមួយឆ្នាំ ដើម្បីផលិតទៅជាផលិតផលសិប្បកម្ម សម្រាប់នាំចេញទៅកាន់ទីផ្សារធំៗ ដែលរួមមាន ប្រទេសថៃ វៀតណាម ចិន និងជប៉ុន។ ទីផ្សារជប៉ុន បានក្លាយជាទីផ្សារនាំចូលផលិតផលសូត្រដ៏ធំបំផុតរបស់កម្ពុជានៅឆ្នាំ២០២០ ដែលមានចំនួនរហូតដល់ ១.៥លានដុល្លារ។

លោករដ្ឋមន្ត្រី បានអំពាវនាវឱ្យពាណិជ្ជករជប៉ុន សហគ្រិន និងអ្នកវិនិយោគពិចារណាជ្រើសរើសកម្ពុជា ជាដៃគូអាជីវកម្ម និងទិសដៅវិនិយោគ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានធានានូវស្ថិរភាពសន្តិភាព និងនយោបាយ ព្រមទាំងការវិនិយោគ និងបរិយាកាសអាជីវកម្ម ដែលអំណាយផលសម្រាប់វិនិយោគិនជប៉ុន។

ជាការឆ្លើយតប ប្រធានសមាគមកម្ពុជា-ជប៉ុន បានសម្ដែងការកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបានសុខសន្តិភាព និងស្ថិរភាពសង្គម ជាពិសេសការសម្រេចបាននូវយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស។

នៅក្នុងជំនួបនេះក្រៅតែពីសន្យាជួយនាំយកសំណើធ្វើពាណិជ្ជកម្មសេរីជម្រាបរដ្ឋាភិបាលជប៉ុនហើយនោះ ប្រធានសមាគម ក៏បានបង្ហាញការគាំទ្រលើការអភិវឌ្ឍការវិនិយោគខ្សែរច្រវ៉ាក់តម្លៃសូត្រនៅតាមខេត្តគោលដៅ និងបន្តគាំទ្រការវិនិយោគរបស់សហគ្រិនជប៉ុនក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបពិភាក្សានាពេលនោះ លោក Kazunori Kato ដែលជាប្រធានក្រុមហ៊ុន iL BRiLLE Co.,Ltd ក៏បានធ្វើបទបង្ហាញពីការវិនិយោគរបស់សហគ្រិនជប៉ុនក្នុងប្រទេសកម្ពុជា ជាពិសេសទៅលើការវិនិយោគខ្សែរច្រវ៉ាក់តម្លៃសូត្រ។

ចុងបញ្ចប់នៃជំនួប លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានកត់សម្គាល់ថា កិច្ចជំនួបពិភាក្សាការងារនេះ គឺជាជំហានមួយរបស់កម្ពុជា ក្នុងការកសាងផែនទីចង្អុលបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ហើយនឹងក្លាយជាសូចនាករគោលដៅរបស់ក្រសួងពាណិជ្ជកម្ម និងសមាគមកម្ពុជា-ជប៉ុន ក្នុងការសម្រេចគោលដៅជំរុញផលិតកម្ម និងការនាំចេញរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ព្រមទាំងអ្នកផលិត នៅពេលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងប្រទេសទាំងពីរ៕