(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់អគ្គមេបញ្ជាការកងទ័ពជើងគោកថៃថា កងទ័ពគួរដើរតួនាទីជាការទូត ដើម្បីរក្សាសន្តិភាព និងស្ថេរភាពរវាងប្រទេស និងប្រទេស ហើយបង្កើតនូវជំនឿចិត្តដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាពនារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកព័ត៌មាននៅក្រោយជំនួបថា អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ បានជម្រាបសម្តេចតេជោថា ប្រទេសកម្ពុជា គឺជាប្រទេសដំបូងគេ ដែលលោកបានបំពេញទស្សនកិច្ចក្រោយទទួលបានតំណែងជាអគ្គមេបញ្ជាការកងទ័ពជើងគោកថៃ។

នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ ក៏បានគូសរំលេចផងដែរថា ពីទំនាក់ទំនងល្អរវាងកងទ័ពកម្ពុជា និងថៃ មាន។ លោកបន្តថា ក្នុងនាមលោកជាមេបញ្ជាការកងទ័ពជើងគោកថៃ នឹងបន្តទំនាក់ទំនងល្អនេះ ហើយជំរុញកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស ការកាប់ឈើខុសច្បាប់ និងអំពើខុសច្បាប់ដទៃទៀត។

នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ បានអះអាងថា ក្នុងនាមជាអគ្គមេបញ្ជាការកងទ័ពជើងគោកថៃ លោកត្រៀមខ្លួនជានិច្ចសហការជាមួយកងទ័ពកម្ពុជា ដើម្បីថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសម្រាប់ប្រទេសទាំងពីរ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការអបអរសាទរជូនចំពោះ នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ ដែលត្រូវបានតែងតាំងជាមេទ័ពជើងគោកថៃ។ សម្តេចតេជោ ក៏បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងថៃ។ សម្តេចតេជោ បានមានប្រសាសន៍ដោយបង្ហាញការសង្កេតរបស់សម្តេចថា ទំនាក់ទំនងរវាងកម្ពុជា និងថៃ កាន់តែស៊ីជម្រៅឡើង និងមានជំនឿចិត្តទៅវិញទៅមករវាងកងទ័ពនៃប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកទៅមេទ័ពជើងគោកថៃដែរថា កងទ័ពគួរតែដើរតួជាអ្នកការទូត ដើម្បីរក្សានូវសន្តិភាព និងស្ថេរភាពរវាងប្រទេស និងប្រទេស។

លោក អ៊ាង សុផល្លែត បានដកស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់ដូច្នេះ «សម្តេចតេជោ មានប្រសាសន៍ថា កងទ័ពគម្បីណាដើរតួនាទីជាកងទ័ពការទូតរក្សាសន្តិភាព ស្ថេរភាព បង្កើនជំនឿទុកចិត្តដល់ប្រជាជននៅតាមព្រំដែន និងជំនឿចិត្តប្រកបរបរអាជីវកម្ម ជំរុញការអភិវឌ្ឍនៅតាមព្រំដែន។ ប្រែក្លាយព្រំដែនឱ្យទៅជាតំបន់ដែលមានសន្តិភាព មិត្តភាព និងការអភិវឌ្ឍ»។

សូមបញ្ជាក់ថា នៅក្នុងជំនួបសម្តែងការគួរសមនេះ អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ បានសម្តែងការអបអរសាទរជូនសម្តេចតេជោ និងប្រជាជនកម្ពុជា ដែលបានធ្វើជាប្រធានអាស៊ាន។ លោកមេទ័ពជើងគោកថៃ ក៏បានសម្តែងនូវការគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាពេលកន្លងទៅ ហើយមានជំនឿជឿជាក់ថា សម្តេចតេជោ នឹងនាំមកនូវសាមគ្គីភាព និងវឌ្ឍនភាពរបស់អាស៊ាននាពេលខាងមុខ។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនលោកមេទ័ពជើងគោកថៃ ដែលបានគាំទ្រកម្ពុជាជាប្រធានអាស៊ាន និងគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា។

ឆ្លៀតក្នុងឱកាសនោះសម្តេចតេជោ បានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនថៃ ដែលកន្លងមក បានជួយដល់ពលករកម្ពុជា កំពុងរស់នៅក្នុងប្រទេសថៃ និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនថៃ ដែលបានជួយដល់ប្រជាជនកម្ពុជានៅតាមព្រំដែន ពេលមានជំងឺបន្ទាន់ អាចចូលទៅព្យាបាលជំងឺក្នុងប្រទេសថៃ។

នៅក្នុងជំនួបសម្តែងការគួរសមនៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបំពាក់គ្រឿងឥស្សរិយយសថ្នាក់មេដាយសហមេត្រី ដែលជាការប្រោសព្រះរាជទានរបស់ព្រះមហាក្សត្រខ្មែរ ជូននាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ ផងដែរ។

នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ បានគោរពថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅថ្វាយព្រះមហាក្សត្រខ្មែរ ដែលបានផ្តល់គ្រឿងឥស្សរិយយសជូនរូបលោក។ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវការអបអរសាទរជាមួយអគ្គមេបញ្ជាការកងទ័ពជើងគោកថៃផងដែរ៕