(កណ្ដាល)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ រាជរដ្ឋាភិបាលមានគោលដៅយ៉ាងច្បាស់លាស់នៅក្នុងគោលនយោបាយជាតិស្តីពី កំណត់នូវទស្សនៈវិស័យ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថា «នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងរស់នៅក្នុងនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ បរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព»។

លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ចំពោះស្រុកចំនួន៤ នៃខេត្តកណ្ដាល ដែលសម្រេចបានជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាល ពាសកាល «ODF» នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២។ ស្រុកទាំង៤រួមមាន៖ ស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង ស្រុកខ្សាច់កណ្តាល និង ស្រុកលើកដែក។

លោករដ្ឋមន្ត្រីបន្តថា ដើម្បីឈានទៅសម្រេចបាននូវគោលដៅនេះ ក្រសួងបាន និងកំពុងបន្តអនុវត្តនូវផែនការសកម្មភាពជាតិស្ដីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៣ ដោយកំណត់យកនូវគោលដៅអត្រាគ្របដណ្តប់ចំនួន ៩០% លើការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទនៅឆ្នាំ ២០២៣។ ទន្ទឹមនឹងនេះ ក្រសួងក៏បានកំណត់យកខេត្តចំនួន ៥ ឱ្យក្លាយជាខេត្តដែលបញ្ឈប់ការ បន្ទោបង់ពាសវាលពាសកាលនៅឆ្នាំ២០២៣ រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រៃវែង និងខេត្តស្វាយរៀងផងដែរ។

ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យ១០០% លោករដ្ឋមន្ត្រី បានអំពាវនាវដល់ដៃគូពាក់ព័ន្ធនានាទាំងអស់ បន្តការចូលរួម និងសហការ សម្រាប់សកម្មភាពលើកកម្ពស់អនាម័យជនបទឲ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការអនុវត្តនូវ ផែនការសកម្មភាពជាតិស្តីពីការផ្គតផ្គង់ទឹក ការសំអាត និងអនាម័យជនបទ។

ជាមួយគ្នានេះដែរលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមរយៈក្រសួង អភិវឌ្ឍន៍ជនបនបទ បានជួយឱ្យប្រជាពលរដ្ឋនៅតំបន់ជនបទ មានទឹកស្អាតប្រើប្រាស់ មានអនាម័យស្អាត មានបរិស្ថានល្អ មានបង្គន់អនាម័យប្រើប្រាស់ កាត់បន្ថយជំងឺឆ្លងតាមរយៈទឹកមិនស្អាត ឬបន្ទោបង់បង្គន់ ដែលបានជួយសន្សំសំចៃថវិកាផងដែរ។

ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្តបានស្នើដល់អភិបាលក្រុង-ស្រុក ចំនួន៧ទៀត និងមេឃុំ ចៅសង្កាត់ ត្រូវចូលរួមសហការ និងអនុវត្តឱ្យបានពេញលេញ និងច្បាស់លាស់ យកចិត្តទុកដាក់ ឱ្យបានខ្លាំងក្លាជំរុញ ដល់ថ្នាក់ដឹកនាំភូមិ ដែលជាជនបង្គោលភូមិ និងត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យពួកគាត់បានដឹង និងចូលរួមសហការ ធ្វើយ៉ាងណាឱ្យខេត្តកណ្ដាល របស់យើងសម្រេចបាន ODF ទូទាំងខេត្តនៅឆ្នាំ២០២២។

ស្ថិតក្នងឱកាសនេះដែរ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានឱ្យដឹងដែរថា ខេត្តកណ្តាល គ្រួសារមានទឹកស្អាតប្រើប្រាស់មាន ៨៤.១% និងគ្រួសារទម្លាប់ទទួលទានទឹកស្អាត មាន ៩៤.៧%។ ចំពោះស្ថានភាពអនាម័យ ខ្នងផ្ទះមានបង្គន់អនាម័យប្រើ មាន ៩៥% ឯខ្នងផ្ទះប្រើបង្គន់រួមមាន ៤.៥% ចំណែកខ្នងផ្ទះដែលគ្មានបង្គន់អនាម័យប្រើ មាន ០.៥% ស្មើនឹង ១,៣៥១ខ្នងផ្ទះទៀតតែប៉ុណ្ណោះ។ ចំពោះស្រុកបានបញ្ឈប់បន្ទោបង់ពាសវាលពាសកាល (ODF) បច្ចុប្បន្នសម្រេចបានចំនួន ៤ស្រុក ៥៣ឃុំ និង៤៤៥ភូមិ៕