ACU អនុញ្ញាតឱ្យលោកស្រី ធីតា ឃឹះ ត្រឡប់ទៅវិញ ខណៈមនុស្ស៥នាក់ផ្សេងទៀត កំពុងស្ថិតក្នុងការសាកសួរនៅឡើយ
28-04-2016 15:34
(ភ្នំពេញ)៖ រហូតដល់រសៀលនេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអនុញ្ញាតឱ្យ លោកស្រី ធីតា ឃឹះ ប្រធានអង្គការស៊ីលីកា ត្រឡប់ទៅវិញហើយ បន្ទាប់ពីសាកសួរអស់ជាច្រើនម៉ោង ប៉ុន្តែអ្នកចូលទៅបំភ្លឺ៥នាក់ផ្សេងទៀត កំពុងស្ថិតនៅក្នុងការសាកសួរនៅឡើយ ដោយមិនទាន់អនុញ្ញាតឱ្យចេញទៅវិញទេ។
អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បន្តសាកសួរចម្លើយទៅលើមនុស្ស៦នាក់ ជុំវិញការចោទប្រកាន់របស់ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានអះអាងថា ពួកគេបានណែនាំមិនឱ្យនាង និយាយការពិតប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងស្នេហារវាងនាង និង លោក កឹម សុខា។ អ្នកពាក់ព័ន្ធទាំង៦នាក់នោះ រួមមាន មន្រ្តីអាដហុក៤នាក់ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា, លោក លឹម មុន្នី, លោក នី ចរិយា អគ្គលេខាធិការគ.ជ.ប និង លោកស្រី ធីតា ឃឹះ ប្រធានអង្គការស៊ីលីកា។
លោកស្រី ធីតា ឃឹះ ប្រធានអង្គការស៊ីលីកា បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីចូលបំភ្លឺតាមការកោះហៅរបស់ ACU ឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់បានចោទប្រកាន់ លោកស្រីនៅឡើយទេ ដោយអះអាងថា ការកោះហៅនេះគ្រាន់តែសុំព័ត៌មានប៉ុណ្ណោះ។ លោកស្រីនិយាយថា «គាត់ថា គាត់គ្រាន់តែយកព័ត៌មានប៉ុណ្ណោះ។ អត់មានហៅសួរទៀតទេ»។
ទោះជាយ៉ាងណា លោកស្រី អះអាងថា លោកស្រីក៏មានការព្រួយបារម្ភខ្លះដែរ ប៉ុន្តែលោកស្រីជឿជាក់លើយុត្តិធម៌។ «យើងក៏មានការព្រួយបារម្ភដែរ យើងមិនទាន់ដឹងថា គេ (ACU) កំពុងធ្វើអី មុខតែគេនឹងធ្វើអ្វី ប៉ុន្តែក្នុងចិត្តខ្ញុំ ខ្ញុំជឿលើយុត្តិធម៌»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយ បានកោះហៅមនុស្ស៨នាក់ ឱ្យចូលបំភ្លឺជុំវិញការណែនាំឱ្យស្រីមុំ និយាយមិនពិតប្រាប់សមត្ថកិច្ច នៅពេលសាកសួរកន្លងទៅ។ ការកោះហៅនេះ បានធ្វើឡើងបន្ទាប់ពីមានលិខិតចំហររបស់ស្រីមុំ ដែលបកស្រាយលាតត្រដាងការពិត និងមានការចាប់ខ្លួនមេឃុំម្នាក់ឈ្មោះ ស៊ាង ចែត ដែលបានយកលុយ៥០០ដុល្លារ ទៅឱ្យពុកម្តាយស្រីមុំ ។ កញ្ញាស្រីមុំ បានចោទមេឃុំរូបនេះថា យកលុយឱ្យឪពុកម្តាយរបស់នាង ដើម្បីឱ្យពួកគាត់ជួយណែនាំដល់នាងកុំឱ្យនិយាយការពិត អំពីទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា៕