(ស្វាយរៀង)៖ ក្មេងប្រុស ២នាក់ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ខណៈឪពុកម្តាយទៅធ្វើការរោងចក្រ ផ្ញើទុកនៅជាមួយជីដូនមើលថែ។ ពេលជីដូនរវល់ទៅទិញម្ហូប ក្មេងទាំង២ក៏នាំគ្នាចុះលេងទឹកស្រះក្រោយផ្ទះ បណ្តាលឲ្យលង់ទឹកស្លាប់ទាំង២នាក់ គួរឲ្យសង្វែក។

ករណីក្មេងលង់ទឹកស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង ៩៖១០នាទីព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិសង្គ្រោះ ឃុំសុំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ក្មេងប្រុសជនរងគ្រោះ រួមមាន៖

* ទី១៖ មានឈ្មោះ រឿន ភក្ដ័ត្រា ភេទប្រុស អាយុ០៧ឆ្នាំ។ ឪពុកឈ្មោះ ចាន់ ភក្តី មុខរបរធ្វើការរោងចក្រ និងប្រពន្ធឈ្មោះ នាង សំអូន មុខរបរធ្វើការរោងចក្រ។

* ទី២៖ មានឈ្មោះ ហេង រដ្ឋា ភេទប្រុស អាយុ០៦ឆ្នាំ។ ឪពុកឈ្មោះ សរ សំណាង មុខរបរធ្វើការរោងចក្រនិងប្រពន្ធឈ្មោះ នាង សំអូន មុខរបរធ្វើការរោងចក្រ ដែលមានទីលំនៅរួមគ្នាក្នុង ភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើយោងតាមសាច់ញាតិរបស់កុមារងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតកុមារ ទាំង២នាក់ និងប្អូនស្រីម្នាក់ទៀតទាំងអស់៣នាក់ បាននាំគ្នាទៅលេងតាមមាត់ស្រះទឹក ដែលនៅក្រោយផ្ទះចម្ងាយប្រហែល ១០ ម៉ែត្រ ក៏បានចុះលេងទឹកក្នុងស្រះ២នាក់ (ក្មេងប្រុស) តែក្មេងស្រីអាយុ៣ឆ្នាំមិនបានចុះលេងនោះទេ។

ប្រភពបានបន្តថា ក្មេងស្រីដែលមិនបានចុះលេងឃើញបងៗលង់ទឹក ក៏ស្រែយំធ្វើឲ្យភ្ញាក់ផ្អើលដល់ជីដូន និងចៅប្រុសជំទង់។ ពួកគេ រត់ទៅកន្លែងស្រះទឹកឃើញចៅស្រីឈរ និងឃើញស្បែកជើងរបស់ចៅប្រុសទាំង ២នាក់ ប៉ុន្តែពេលរកឃើញ ក្មេងទាំង២នាក់ បានស្លាប់បាត់ទៅហើយ។

ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានខាងលើនេះភ្លាម ក៏បានចុះមកដល់កន្លែងកើតហេតុជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ដើម្បីពិនិត្យសាកសព។ សមត្ថកិច្ច និងគ្រូពេទ្យពិនិត្យឃើញថា សាកសពក្មេងប្រុសទាំង២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងប្រគល់សាកសពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕