(កណ្តាល)៖ លោក ចៅ តុល អនុប្រធានទី២ ក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) ស្រុកកោះធំ ចុះជួយឃុំព្រែកថ្មី បានលើកឡើងថា មានតែប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានយកវ៉ាក់សាំងការពារកូវីដ១៩ ចាក់ស្រោចពេញប្រទេសដល់ប្រជាពលរដ្ឋ មិនប្រកាន់ពូជសាសន៍ដោយឥតគិតថ្លៃ។

លោកលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា និងប្រជាពលរដ្ឋខ្មែរឥស្លាម ក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ចៅ តុល បានបន្តថា ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាពនៃការបិទខ្ទប់ប្រទេស រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពការរស់នៅ បានឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ផ្តល់ទាំងស្បៀងអាហារ ថែទាំសុខភាពអ្នកដែលបានឆ្លងជម្ងឺកូវីដ១៩ក្នុងសហគមន៍។ ជាមួយគ្នានោះសម្តេចតេជោ ក៏បានជម្រុញដល់មន្រ្តីសុខាភិបាល និងកងទ័ព បង្កើនល្បឿនក្នុងការយកវ៉ាក់សាំងការពារកូវីដ១៩ ទៅចាក់ជូនប្រជាពលរដ្ធដល់ក្នុងមូលដ្ឋានដោយឥតគិតថ្លៃ រួមទាំងជនបរទេសផងដែរឱ្យតែនៅក្នុងប្រទេសកម្ពុជា តាំងពីដូសទី១រហូតដល់ឆ្នាំ២០២២នេះ បានរហូតដល់ដូសទី៤ ស្របតាមការវិវិត្តនៃកូវីដ១៩។

លោក ចៅ តុល បានបន្ថែមថា ក្នុងនោះប្រជាពលរដ្ឋខ្មែឥស្លាម ក៏បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩ជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកក្នុងកិច្ចគាំពារសង្គមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលនេះជាជោគជ័យដ៏ធំធេង ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ។
ក្នុងនោះលោកប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រែកថ្មី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស មានផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ពិសេសស្ពានឆ្លងកាត់ទន្លេជាសមិទ្ធផលថ្មីបានរីកដុះដាលជាបន្តបន្ទាប់។

លោក ចៅ តុល ក៏បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ ខិតខំប្រែងប្រែងបន្ថែមទៀតក្នុងការបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជម្រុញការបង្ក្រាបទប់ស្កាត់គ្រឿងញៀន ល្បែងស៉ីសងគ្រប់ប្រភេទ ដើម្បីទទួលបានការទុកចិត្តពីសំណាក់ប្រជាជន ធ្វើយ៉ាងណាដណ្តើមភាពឈ្នះនាពេលខាងមុខ និងបានអំពាវនាវឱ្យប្រជាពលរដ្ធខ្មែរឥស្លាមនៅឃុំព្រែកថ្មីទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំនិងអភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនមកដល់ពេលបច្ចុប្បន្ន៕