(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះគុណ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណាព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់បានប្រទានពរ ក្នុងឱកាសខួបកំណើតគម្រប់ ៧៧ ឈានចូល ៧៨ឆ្នាំ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងសារលិខិតដាច់ដោយឡែកពីគ្នា ទូលថ្វាយសម្ដេចម៉ែ និងព្រះមហាក្សត្រ , ទូលព្រះបង្គំជាខ្ញុំសម្ដេចវិបុលសេនាភក្តី បានទូលថា សម្ដេចបានទទួលរួចហើយនូវព្រះរាជសព្ទសាធុការពរជ័យ និងកន្ត្រកផ្កាដ៏ស្រស់ស្អាត ក្នុងឱកាសខួបកំណើតគម្រប់ ៧៧ ឈានចូល ៧៨ឆ្នាំ របស់សម្តេច។

សម្ដេចវិបុលសេនាភក្តី មានសេចក្តីសោមនស្សរីករាយជាអនេកប្បការចំពោះព្រះរាជសព្ទសាធុការពរជ័យរបស់ សម្ដេចម៉ែ និងព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត។

សម្ដេចវិបុលសេនាភក្តី សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង លោក សូមព្រះអង្គតាមជួយអភិបាលគ្រងរក្សា សម្ដេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទាំងទ្វេ ទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ ត្រជាក់ត្រជំ សុខដុមរមនា ក្នុងសុខសន្តិភាពដល់កូនចៅ និងប្រជារាស្ត្រ នៅគ្រប់ទីកន្លែង៕