(ភ្នំពេញ)៖ បន្ទាប់ពីឃើញស្ថានភាពគួរឲ្យអាណិតអាសូររបស់លោកយាយ សន តេង វ័យ៧៣ឆ្នាំទៅហើយខំប្រឹងដើររើសអតចាយដើម្បីរកប្រាក់ចិញ្ចឹមជីវិតទាំងជរានោះ ខណៈនេះសប្បុរសជនគឺលោក ហេង ឡា លីន និងភរិយា។ បានជួយឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគនិងថវកាមួយចំនួនតាមរយៈភ្នាក់ងារមណ្ឌលព័ត៌មាន Fresh News ទៅជូនលោកយាយដល់ផ្ទះ ដើម្បីសម្រួលនូវទុក្ខលំបាកនិងការខ្វះខាតផ្សេងៗរបស់លោកយាយ។

ក្រោយពីទទួលបានអណោយពីលោក ហេង ឡាលីននិងភរិយាភ្លាម នៅវេលាល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ លោក គ្រួច វណ្ណា ដែលជាភ្នាក់ងារអង្គភាពព័ត៌មាន Fresh News បាននាំយកទៅប្រគល់ជូនលោកយាយដោយផ្ទាល់ដល់ផ្ទះ ដែលមានទីតាំងស្ថិតនៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោក គ្រួច វណ្ណា បានបញ្ជាក់ថា អំណោយខាងលើនោះរួមមានអង្ករផ្កាខ្ញី១បាវទម្ងន់៥០គីឡូក្រាម,ទឹកផ្លែឈើ១កេស, ទឹកសុទ្ធ១កេស,មី១កេស ,ត្រីខ២យួរ,ទឹកដោះគោឆៅ២ឡូត៌,ទឹកត្រី១យួរ,ទឹកសុីអុីវ១យួរ,សាប៊ូលាងចាន,សាប៊ូបោកគក់,ស្ករស,សាប៊ូកក់សក់ប៉ង់តែន,ប្រេងឆា,អំបិល,ប៊ីចេង និង ថវិការចំនួន១លានរៀល។

សូមរម្លឹកថា លោកយាយ សន តេង វ័យ៧៣ឆ្នាំទៅហើយប៉ុន្តែព្រោះតែជីវភាពខ្វះខាតលោកបានខំប្រឹងដើរចម្ងាយផ្លូវក្នុង១ថ្ងៃៗមិនក្រោម១០គីឡូម៉ែត្រឡើយដើម្បីរើសអតចាយរកប្រាក់ចិញ្ចឹមជីវិតទាំងជរាមានជម្ងឺជាប់ខ្លួន ហើយលោកយាយបានប្រកបរបរនេះរយៈពេលជាង៣០ឆ្នាំកន្លងមកហើយ។

លោកយាយបានប្រាប់លោក គ្រួច វណ្ណា ដែលជាភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ថា សព្វថ្ងៃលោកយាយរស់នៅជាមួយកូនស្រីនិងកូនប្រសារព្រមទាំងចៅៗស្ថិតនៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកយាយបានប្រាប់បន្តទៀតថា ប៉ុន្តែផ្ទះដែលរស់នៅសព្វថ្ងៃនេះធំគួរសមដែរ ដែលផ្ទះនេះត្រូវបានបងប្អូនសាងសង់ឲ្យលោកយាយនិងស្វាមីរស់នៅជាថ្នូរនិងដីមួយកន្លែងនៅឯស្រុកកំណើត។ លុះក្រោយមកលោកតាក៏ស្លាប់បាត់ ហើយកូនស្រីក៏មានជម្ងឺលោកយាយក៏បានខ្ចីលុយចងការគេដើម្បីយកមកព្យាបាលជម្ងឺកូនស្រី ។

ក្រោយមកទៀតដោយគ្មានប្រាក់បង់ការគេធ្វើឲ្យលុយជំពាក់កាន់តែកើនឡើងរហូតត្រូវគេរឹបអូសយកផ្ទះបាត់ទៅហើយ ដូច្នេះទើបធ្វើឲ្យលោកយាយជួបការលំបាកខ្លាំង។ ពេលនេះលោកយាយសូមអរគុណខ្លាំងណាស់ចំពោះលោកឡា លីន និងភរិយា ដែលបានជួយឧបត្ថម្ភក្នុងពេលដែលលោកយាយកំពុងជួបការលំបាកខ្វះខាតនេះ៕