(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា មន្ត្រីជំនាញទាំងអស់ត្រូវរួមគ្នា ដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ។

លោក ងួន រតនៈ បានថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួម ពីមន្ត្រីពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបផងដែរ ។

លោកបន្តថា សូមមន្ត្រីជំនាញគ្រប់រូប ត្រូវពិនិត្យរាល់ការងារក្នុងមូលដ្ឋានទាំងអស់ កុំទុកយូររាល់ការងារអ្វីណាមួយដែលមិនអាចដោះចេញនោះ សូមរាយការណ៍បន្ទាន់ឬបញ្ជូនមកថ្នាក់លើ។

លោកថា យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាត សកម្មភាពនានា អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម ឲ្យបានល្អប្រសើរ ក្នុងការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំឲ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន។

លើសពីនោះទៀត ត្រូវរៀបចំការកែលម្អសួនច្បារនានា ត្រូវស្តារឬជួសជុលឡើងវិញ ព្រោះខេត្តកំពង់ធំ ក៏ត្រូវមានការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ធ្វើយ៉ាងណាប្តេជ្ញាយកផ្ការំដួលបីទង ឲ្យខានតែបានផងដែរ។ នេះជាការបញ្ជាក់បន្ថែម របស់លោក ងួន រតនៈ។

អភិបាលខេត្តកំពង់ធំ បានបន្ថែមទៀតថា តាមមន្ទីរទាំងអស់សូមបន្តការងារដាំដុះដើមឈើចម្រុះ នៅចំណុចដីជុំវិញបឹងទន្លេសាប (តំបន់២ តំបន់៣) ហើយរួមគ្នាទប់ស្កាត់ឲ្យខានតែបានចំពោះជនខិលខូច ដែលបានលួយកាប់បំផ្លាញព្រៃលិចទឹក។

ក្នុងនោះ លោកបានបន្ថែមថា ត្រូវជំរុញការផ្សព្វផ្សាយការងារ ផ្តល់វ៉ាក់សាំងការពារមេរោគកូវីដ១៩ ដែលប្រជាពលរដ្ឋមិនបានចូលរួម មកទទូលវ៉ាក់សាំងនៅមានកម្រិតទាប ដើម្បីសហគមន៍មានភាពប្រសើរឡើង៕