(បន្ទាយមានជ័យ)៖ មានភ្លៀងកក់ខែមួយមេយ៉ាងធំ លាយឡំទៅដោយខ្យល់កន្ត្រាក់ បានបក់បោកមកចំ២ភូមិក្នុង ស្រុក ម៉ាឡៃ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ

ចំនួន២៣ខ្នង រងការខូចខាតក្នុងនោះធ្ងន់ចំនួន៨ខ្នង អស់ទាំងស្រុងក្នុងភូមិចំនួន២ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៦យប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា នេះគឺជាភ្លៀងកក់ខែដំបូង លាយឡំជាមួយ និងខ្យល់កន្ត្រាក់បានបក់បោកយ៉ាងខ្លាំង មកចំ២ភូមិ គឺភូមិអភិវឌ្ឍន៍និងភូមិសន្តិភាព ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បង្កឲ្យប៉ះពាល់ ដល់លំនៅឋាន របស់បងប្អូនប្រជាពលរដ្ឋ សរុបចំនួន២៣ខ្នង ក្នុងនោះផ្ទះប្រជាពលរដ្ឋ៨ខ្នង ខូចខ្ទេចអស់ទាំងស្រុងនិងដំណាំហូបផ្លែមួយចំនួន ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់មនុស្សនិងសត្វពាហនៈនោះឡើយ ។

លោកបានបញ្ជាក់ទៀតថា នៅថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ២០២២ ដោយទទួលបានការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានចាត់តាំងកម្លាំងអន្តរាគមន៍របស់វរៈចំនួន២០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរង វរសេនាតូចការពារព្រំដែនគោក លេខ៨១៥ សហការ ជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ចុះជួយរៀបចំ និងប្រមូលស័ង្កសី ឈើ ដែលហើរប៉ើងតាមខ្យល់ ជូនប្រជាពលរដ្ឋ និងជួលជុលផ្ទះជូនគាត់វិញផងដែរ៕