(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៧ឆ្នាំ ឈានចូល ៧៨ឆ្នាំ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។
សារលិខិតជូនពរនោះ មានខ្លឹមសារថា «ស្ថិតក្នុងថ្ងៃអភិមង្គលវិសេសវិសាលថ្លៃថ្លា នៃទិវាចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងនាមនាងខ្ញុំផ្ទាល់ និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា នាងខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនមង្គលគ្រប់ប្រការ ជូន សម្ដេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ និងចម្រើនជន្មាទីឃាយុយឺនយូរ។
ក្នុងវរោកាសដ៏ឧឡារិកនេះ សូម សម្ដេចវិបុលសេនាភក្តី មេត្តាទទួលពីនាងខ្ញុំនូវអំណរគុណប្រកបដោយក្តីគោរពកោតស្ញប់ស្ញែង ចំពោះវីរភាពដ៏ឆ្នើម របស់ សម្ដេច ក្នុងការតស៊ូយ៉ាងស្វិតស្វាញ រំដោះជាតិ មាតុភូមិ ពីរបបប្រល័យពូជសាសន៍ លះបង់កម្លាំងកាយចិត្ត ការពារខឿនឯករាជ្យជាតិ បូរណភាពទឹកដី និងប្រជាជន។ លើសពីនេះទៅទៀត សម្ដេចវិបុលសេនាភក្តី តែងតែយកអស់ប្រាជ្ញា ស្មារតី បញ្ញាញាណដ៏ឈ្លាសវៃ បន្តបំពេញបេសកកម្មយ៉ាងធំធេងក្នុងការដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័នអង្គនីតិប្បញ្ញត្តិ នៃព្រះរាជាណាចក្រកម្ពុជា ពង្រឹងបាននីតិរដ្ឋរឹងមាំ ប្រជាធិបតេយ្យពេញលេញ ជំរុញឲ្យការអភិវឌ្ឍប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាពសង្គម ដើម្បីជាឧត្ដមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ នាងខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូន សម្ដេចវិបុលសេនាភក្តី និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសា និងចៅៗ ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពផ្ញើជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ៖