(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានវាយបកចំពោះការលើកឡើងថា ការបង្កើតច្រកទ្វារ internet Gateway បំបិទសិទ្ធិសេរីភាពប្រជាជន។

ក្នុងកម្មវិធីពិសេស ស្តីពី ពន្ធលើប្រាក់ចំណូល និងព្រឹត្តិការណ៍ថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក គង់ វិបុល បានគូសបញ្ជាក់ថា «ប្រទេសណា ក៏គេមានដែរ internet Gateway មិនមែនមានតែស្រុកខ្មែរនោះទេ»

លោក គង់ វិបុល បានលើកឡើងថា ថ្មីៗនេះខ្ញុំយល់ថា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ច្រើនហើយដោយពន្យល់ច្បាស់ពីទិដ្ឋភាព បង្កើនចំណូល, ការពារសន្ដិសុខជាតិ និងបញ្ហាសង្គមផ្សេងៗទៀត។

លោកបានលើកជាឧទាហរណ៍ថា លោកធ្លាប់ចូលវេបសាយ កម្សាន្ដមួយដើម្បីមើលកុនភាគ នៅកម្ពុជាលោកមើលបាន Free ប៉ុន្ដែពេលលោកទៅប្រទេសអូស្ដ្រាលី លោកចង់មើលកុនខ្មែរ ចូលតាមវេបសាយកម្សាន្ដដដែល ប៉ុន្ដែ internet Gateway នៅប្រទេសអូស្ដ្រាលី អត់ឲ្យចូលមើលនោះទេ។ ដូច្នេះលោកចង់ចោទសួរទៅវិញថា តើនៅប្រទេសអូស្ត្រាលី គេបិទសិទ្ធិសេរីភាពលោក ឬអត់?

បន្ថែមពីនោះទៀត លោក គង់ វិបុល បានបញ្ជាក់ថា នៅប្រទេសមួយចំនួន នៅក្នុងអាស៊ាន មានយុទ្ធនាការគ្រប់គ្រងដូចគ្នា ហើយគោលដៅរបស់គេ មិនមែនបិទសិទ្ធិសេរីភាពទេ។ ប៉ុន្តែក្នុងការពង្រឹងអភិបាលកិច្ចល្អ សម្រាប់ប្រទេស មិនមែនសម្រាប់យកមកបិទសិទ្ធិសេរីភាពនោះទេ។ ហើយសព្វថ្ងៃនៅកម្ពុជា មានច្រើនណាស់ដែលមិនចុះបញ្ជី ហើយលក់តាមអនឡាញ និងជិះសុទ្ធតែឡានទំនើប។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន ក៏ត្រូវការ internet Gateway ផងដែរ ដើម្បីគ្រប់គ្រងព័ត៌មានក្លែងក្លាយ និងគ្រប់គ្រងក្មេងក្មេងកុំឲ្យមានសេរីភាពពេក ក្នុងការចូលទៅមើលកុនអាសអាភាសជាដើម៕