(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ក្រុមហ៊ុនបរទេសធំៗដែលធ្វើពាណិជ្ជកម្មតាមអនឡាញ ដូចជាក្រុមហ៊ុន Netflix Facebook បានចាប់ផ្តើមទាក់ទងមកចុះបញ្ជីជាបណ្តើរៗហើយ ជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីអនុវត្តបង់ពន្ធ អាករលើតម្លៃបន្ថែម (VAT) ខណៈដែលអគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមអនុវត្តការប្រមូលពន្ធលើការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិច ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ។

លោក គង់ វិបុល លើកឡើងបែបនេះ ធ្វើឡើងតាមកម្មវិធីពិសេស ស្តីពី ពន្ធលើប្រាក់ចំណូល និងព្រឹត្តិការណ៍ថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុករបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។

ទោះជាយ៉ាងនេះ ក្តីលោករដ្ឋមន្ត្រីបញ្ជាក់ ក្រុមហ៊ុនទាំងនេះ បានស្នើពេល៣ខែ ដើម្បីរៀបចំឯកសារ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «គ្រាន់តែថា បញ្ហាក្រុមហ៊ុនគេនៅមិនទាន់ ត្រៀមខ្លួនរួចរាល់ ហើយគេសុំពន្យាពេលរហូតដល់បីខែ ដូច្នេះរដ្ឋាភិបាលអនុញ្ញាតឱ្យហើយ»

សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ នឹងអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ តទៅ ដើម្បីប្រមូលចំណូលពន្ធបន្ថែម (VAT) ពីការធ្វើពាណិជ្ជកម្មតាមអនឡាញ។

លោក គង់ វិបុល មិនទាន់អាចព្យាករណ៍បានទេថាកម្ពុជានឹងអាចទទួលបានចំណូលប៉ុន្មានលើវិស័យពាណិជ្ជកម្មតាមអនឡាញ ហេតុនេះទើបអគ្គនាយកដ្ឋានពន្ធដារជ្រោមជ្រែងឲ្យមានការបង្កើតច្រកទ្វារ internet Gateway ដើម្បីគ្រប់គ្រង និងពង្រឹងលើការប្រមូលពន្ធពីការធ្វើពាណិជ្ជកម្មតាមអនឡាញនេះឱ្យមានប្រសិទ្ធភាព។

ការពន្យារពេលអនុវត្តពន្ធនេះ អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញ ឌីជីថល ឬសេវាឌីជីថល តាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចូលមកកម្ពុជា ត្រូវរួសរាន់មកចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) ឱ្យបានរួចរាល់ស្រេចបាច់ មុនថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។

ក្នុងករណីដែលអ្នកជាប់ពន្ធអនិវាសនជន មិនបានចុះបញ្ជី ឬមិនបានមក ធ្វើបច្ចុប្បន្នភាពព័ត៌មាន ឬមិនបានដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែម ជូនអគ្គនាយកដ្ឋានពន្ធដារឱ្យបានទាន់ពេលវេលា ត្រូវទទួលរងទោសទណ្ឌ ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរបានចំណាយលុយជាច្រើនជាមួយក្រុមហ៊ុន Facebook និង Netflix តែការធ្វើអាជីវកម្មរបស់ក្រុមដ៏ធំលើសាកលនេះ មិនបានបង់ពន្ធជូនរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។ 

ការដែលអគ្គនាយកដ្ឋានពន្ធដាអាចឈានទៅអនុវត្តកាតព្វកិច្ចលើក្រុមហ៊ុនទាំងពីរនេះបាន គឺបន្ទាប់ពីរាជរដ្ឋាភិបាលបង្កើតនូវច្រកទ្វារអ៉ិនធឺណិតជាតិ ដែលជាមធ្យោបាយមួយសម្រាប់គ្រប់គ្រងលើបណ្តាញអ៉ិនធឺណិត និងអាជីវកម្មអនឡាញនៅក្នុងប្រទេសកម្ពុជា៕