(រតនគិរី)៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃ (៣១ មករា ១-២កុម្ភៈ ឆ្នាំ២០២២) ខេត្តរតនគិរីទទួលភ្ញៀវទេសចរចំនួន១២,៤៥១នាក់។ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន៥១នាក់ ភ្ញៀវជាតិ១២,៤០១នាក់។ចំនួននេះគឺមានការកើនឡើង១៧.១៦% ភ្ញៀវជាតិកើនឡើង១៦.៩៩% និងភ្ញៀវអន្តរជាតិ កើនឡើង៨២.១៤% បើប្រៀបធៀបនឹងបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២១ កន្លងមកមានចំនួន១០,៦២៨នាក់។ នេះបើតាមបញ្ជាក់ដឹងពីលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ង៉ែត ពិទូ បានសម្តែងនូវសុទិដ្ឋិនិយមចំពោះកំណើនភ្ញៀវទេសចរ ដែលមានការហក់ឡើងគួរឲ្យកត់សម្គាល់ បើទោះបីចំនួនហក់ឡើងមិនច្រើនតាមការរំពឹងទុក តែនេះគឺជាសញ្ញាល្អបង្ហាញថាខេត្តរតនគិរី ចាប់ផ្តើមមានភ្ញៀវទេសចរមកលេងកម្សាន្តវិញហើយ បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញក្រោយវិបត្តិកូវីដ-១៩ រយៈពេលជិត២ឆ្នាំ។

លោកបន្តថា ចំនួនភ្ញៀវដែលមានការកើនឡើងនេះ ក៏បានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព, ហេដ្ឋារចនាសម្ព័ន្ធមានការតភ្ជាប់បានល្អ គួបផ្សំនឹងសេដ្ឋកិច្ចប្រជាពលរដ្ឋផងដែរ។ ជាពិសេសនោះ គឺវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានស្រោចលើប្រជាពលរដ្ឋស្ទើរ១០០% ដូច្នេះ ពួកគាត់មានទំនុកចិត្តមិនសូវព្រួយបារម្មណ៍ ក្នុងការដើរលេងកម្សាន្តប៉ុន្មាននោះទេ។

ប្រធានមន្ទីរទេសចរណ៍រូបនេះ ក៏បានលើកឡើងផងដែរ ពីសក្តានុពល វិស័យទេសចរណ៍ដែលបច្ចុប្បន្ននេះ មន្ទីរបានធ្វើបច្ចុប្បន្នភាពរមណីយដ្ឋាន ទេសចរណ៍រហូតដល់៣០កន្លែង សុទ្ធសឹងជារមណីយដ្ឋាន ធម្មជាតិ។ ហើយនៅថ្ងៃខាងមុខជាពិសេសបុណ្យចូលឆ្នាំខ្មែរ នឹងបង្វែទិសដៅភ្ញៀវទេសចរ ឲ្យទៅលេងតំបន់វាលខ្សាច់ និងទឹកជួរនៅស្រុកតាវែង និងស្រុកវើនសៃ។

ដោយឡែក ក្នុងរយៈពេល៣ថ្ងៃនេះ គ្រប់រមណីយដ្ឋានដែលភ្ញៀវបានទៅ លេងកម្សាន្ត សង្កេតឃើញថាភ្ញៀវទេសចរទាំងអស់ បានចូលរួមថែរក្សាអនាម័យ បរិស្ថានបានល្អ ពោលគឺ ក្រោយហូបចុករួចពួកគាត់បានវេចខ្ចប់សំរាមទុកដាក់បានត្រឹមត្រូវ និងសូមថ្លែងអំណរគុណ ចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងទឹកដីខេត្តរតនគិរី។

អរគុណម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់សេវាកម្មម្ហូបអាហារទាំងអស់ ដែលនៅតែបន្តការរឹតបន្តឹងវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការកុំឲ្យមានការរាតត្បាតជំងឺកូវីដ-១៩។ អរគុណផងដែរ ចំពោះសមត្ថកិច្ចពាក់ព័ន្ធដែលបានបំពេញតួនាទីភារកិច្ចចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាំងយប់ទាំងថ្ងៃ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិបានយ៉ាងល្អប្រសើរ។

ចំណែកឯលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បញ្ជាក់ឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ទូទាំងខេត្តគ្មានបញ្ហាអ្វីកើតឡើងនោះទេ គឺកម្លាំងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត រៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនពួកគាត់មកកម្សាន្តប្រកបដោយសេចក្តីសប្បាយរីករាយ៕