(កណ្តាល)៖ ប្រព័ន្ធបញ្ជូនអគ្គិសនីជាកង តង់ស្យុងខ្ពស់២៣០គីឡូវ៉ុល និង១១៥គីឡូវ៉ុល ក្នុងរាជធានីភ្នំពេញក្នុងក្របខ័ណ្ឌឥណទានសម្បទាន នៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបជាង៨០លានដុល្លា ស.រ.អា សាងសង់ដោយក្រុមហ៊ុន CHINA NATIONAL HEAVY MACHINERY CORPORATION (CHMC) ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកស្រី Bu Jianguo ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា អភិបាលខេត្តកណ្តាល អភិបាលរងខេត្តកំពង់ស្ពឺ តំណាងសាលារាជធានីភ្នំពេញ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋប្រមាណ១៦០០នាក់។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានថ្លែងថា រហូតមកដល់ពេលនេះ យើងមានរោងចក្រអគ្គិសនីប្រើប្រេងប្រហែល ២០០MW និងបានដាក់ឲ្យ ដំណើរការនូវរោងចក្រវារីអគ្គិសនី ដែលមានអនុភាពសរុបចំនួន ៩២៨MW និងរោងចក្រអគ្គិសនីដុតធ្យូងថ្ម ដែលមានអនុភាពសរុបចំនួន ៣៧០MW ហើយគ្រោងនឹងដាក់អោយដំណើរការនូវរោងចក្រអគ្គិសនីដុតធ្យូងថ្ម ដែលមានអនុភាព ១៣៥MW នៅឆ្នាំ ២០១៦ នេះ និងវារីអគិ្គសនីសេសានក្រោម ២ មានអនុភាព ៤០០MW នៅឆ្នាំ ២០១៨។ ជាមួយគ្នានោះដែរ យើងកំពុងសិក្សាគម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្មប្រមាណ ៥០០MW បន្ថែម ដើម្បីផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការ និងកំណើននៃសេចក្តីត្រូវការរហូតដល់ឆ្នាំ ២០២០។
ចំពោះបណ្តាញជាតិបញ្ជូនអគ្គិសនី បច្ចុប្បន្ននេះ យើងមានខ្សែបណ្តាញតង់ស្យុងខ្ពស់ (១១៥គីឡូវ៉ុល និង ២៣០គីឡូវ៉ុល) ចំនួន១,៤០៥គីឡូម៉ែត្រ និងមានអនុស្ថានីយ៍ចំនួន ២២កន្លែង ដែលគ្របដណ្តប់លើខេត្តក្រុងចំនួន១៤ រួចហើយគ្រោងភ្ជាប់បន្ថែមនូវខេត្តចំនួន៩ក្នុងឆ្នាំ ២០១៨ ហើយខេត្ត ២ ចុងក្រោយ គឺខេត្តរតនគីរី និងមណ្ឌលគីរី នៅឆ្នាំ២០១៩ ឬ ឆ្នាំ ២០២០។
នៅឆ្នាំ ២០១៦ ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនី ដែលបានអភិវឌ្ឍរួចបានផ្គត់ផ្គង់ឲ្យភូមិចំនួន ៩៣៦៦ភូមិ ត្រូវជា ៦៦.៥៥% នៃចំនួនភូមិទូទាំងប្រទេស និងភ្ជាប់ចរន្តឲ្យប្រជាពលរដ្ឋបានចំនួន ១,៧៥១,៧៩៧ កន្លែង ត្រូវជា ៥៥% នៃស្ថិតិខ្នងផ្ទះដែលកម្ពុជាមាននៅឆ្នាំ ២០១៥ ។
ថ្ងៃនេះជាសក្ខីភាពមួយទៀត ដែលតាមរយៈឥណទានសម្បទានពីរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានចំនួន ៧៥.៨៧លានដុល្លារអាមេរិក មកបន្ថែមលើថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានចំនួន ៤.១លានដុល្លារអាមេរិក ជាមួយគ្នានោះដែរ អគ្គិសនីកម្ពុជាក៏បានចំណាយថវិកាប្រមាណ៣.៥លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធបញ្ជូនអគ្គិសនីជាកង តង់ស្យុងខ្ពស់២៣០និង ១១៥គីឡូវ៉ុល ក្នុងរាជធានីភ្នំពេញ ដើម្បីបង្កើនលទ្ធភាព គុណភាព ស្ថិរភាព និរត្តន៍ភាព ក្នុងការផ្គត់ផ្គង់ និងចែកចាយអគ្គិសនីជូនប្រជាជន និងហេដ្ឋា រចនាសម័្ពន្ធគ្រប់ផ្នែក នៅខេត្តកណ្តាល កំពង់ស្ពឺ និងជាពិសេសរាជធានីភ្នំពេញ។
ទន្ទឹងនឹងនេះអគ្គិសនីកម្ពុជា បានបញ្ចុះថ្លៃអគ្គិសនីទូទាំងប្រទេស ដែលភ្ជាប់ជាមួយប្រភពបណ្តាញជាតិអោយមានតម្លៃប្រហាក់ប្រហែលគ្នា ៧៨០-៨០០ រៀល ក្នុង ១KWH ហើយជាមួយអ្នកប្រើប្រាស់តិចជាង១០KWH ថ្លៃតែ ៤៨០រៀល ក្នុង1KWH ប៉ុណ្ណោះ សម្រាប់អ្នកនៅខេត្ត ដែលពី មុនថ្លៃជាង ១០០០ រៀល ក្នុង១KWH ទន្ទឹងនោះដែរ បាននិងកំពុងអនុវត្តយុទ្ធនាការ ៦៥០រៀល តភ្លើងជូនដល់បងប្អូនកម្មករ កម្មការិនី សិស្ស និសិត្ស ក្នុងរាជធានីភ្នំពេញ និងក៏ដូចជាខេត្តកណ្តាលនេះតែម្តង បានលើសពី ២០ម៉ីនបន្ទប់ គួរអោយកោសសរសើ ហើយនឹងបន្តធ្វើការអនុវត្តទៅគ្រប់ខេត្តក្រុងផ្សេងៗទៀត៕