(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ជួបសំណេះសំណាល ជាមួយក្រុមនិសិ្សតជ័យលាភីអាហារូបករណ៍ រដ្ឋាភិបាលអូស្ត្រាលី ចំនួន២០នាក់ ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាកាលពីដើមសប្តាហ៍នេះ។

ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបង្ហាញពីសាវតាខ្លះៗនៃការកកើតឡើងរបស់កាកបាទក្រហមកម្ពុជាផងដែរ។

ជាមួយគ្នានោះ លោកស្រី នួន មករា តំណាងបេក្ខជនជ័យលាភីអាហារូកណ៍រដ្ឋាភិបាលអូស្ត្រាលី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងលើកទឹកចិត្ត ដល់ក្រុមនិស្សិតកន្លងមក។

លោកស្រីបានបន្តថា សម្រាប់សមាជិកនៃបេក្ខជនទាំង២០នាក់នេះ គឺជាមន្ត្រីរាជការ ៧នាក់ មន្ត្រីអង្គការក្រៅរដ្ឋភិបាល ៣នាក់ និងបុគ្គលិកក្រុមហ៊ុនឯកជន ១០នាក់ ហើយសមាជិក៥នាក់ នឹងត្រៀមចេញដំណើរទៅបន្តការសិក្សាដើមខែកុម្ភៈនេះ និងសមាជិកដទៃទៀតត្រៀមចេញដំណើរនៅក្នុងខែមិថុនា ឆ្នាំ២០២២នេះដែរ។

ចាប់តាំងពីឆ្នាំ១៩៩៤ មក និសិ្សតអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី មានប្រមាណជាង៩០០នាក់ ដែលបានសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសអូស្ត្រាលី ហើយនិស្សិតជ័យលាភីនីមួយៗបានវិលត្រឡប់មកកាន់មាតុភូមិវិញជាមួយគំនិត និងចំណេះដឹងថ្មីៗ និងសមត្ថភាពដែលជាដើមទុនសំខាន់ៗក្នុងការចូលរួមចំណែកដឹកនាំវិស័យរបស់ពួកគេ និងអភិវឌ្ឍប្រទេសជាតិ។

លោកស្រីបន្តថា សម្រាប់ការសិក្សាឆ្នាំ២០២១ មាននិស្សិតចំនួន ២៥នាក់ និងឆ្នាំ២០២២នេះ មាននិស្សិតចំនួន ៥៤នាក់ ត្រូវជ្រើសរើសតាមរយៈការវាយតម្លៃដ៏ក្រិតក្រមពីក្រុមគណៈកម្មាធិការរបស់កម្មវិធីអាហារូបករណ៍។

ទន្ទឹមនឹងនោះ លោកស្រី និងក្រុមនិស្សិត បានគោរពថ្លែងអំណរគុណដល់ លោកស្រីអគ្គលេខាធិការ, អគ្គលេខាធិការរងទី១ និងសហការីកាកបាទក្រហមកម្ពុជា ដែលបានផ្តល់បទពិសោធន៍ និងបង្ហាញសកម្មភាពមនុស្សធម៌ល្អៗដែលធ្វើឱ្យក្រុមនិស្សិតទទួលបានចំណេះដឹងជាច្រើន និងយល់កាន់តែច្បាស់អំពីសកម្មភាពមនុស្សធម៌ ដែលមានលក្ខន្តិកៈវិធាននៃនីតិក្រមបទបញ្ញត្តិហិរញ្ញវត្ថុត្រឹមត្រូវ និងមានយុទ្ធសាស្ត្រ ដែលមានរយៈពេល១០ឆ្នាំសម្រាប់អនុវត្តការងារជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត៕