(ភ្នំពេញ)៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះជួបសំណេះសំណាល និង នាំយកសម្ភារៈ ជាអាល់កុល ជែល ទឹកសុទ្ធ រួមទាំងថវិកា ផ្តល់ជូនអធិការនគរបាល ខណ្ឌមានជ័យ និងមូលដ្ឋានកងរាជអវុធហត្ថ ខណ្ឌមានជ័យ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បានកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ដែលបានបំពេញនូវតួនាទី ភារកិច្ច របស់ខ្លួន និងខិតខំប្រឹងប្រែង រក្សាសុន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មិនឲ្យមានភាពភ័យខ្លាចរឿង អសន្តិសុខ ក្នុងភូមិ ជាពិសេសនោះ គឺរក្សាបាននូវភូមិ សង្កាត់ មានសុវត្ថិភាព។

ទន្ទឹមនឹងនេះដែរ លោក ឌី រ័ត្នខេមរុណ បានបន្តទៀតថា ដោយមើលឃើញក្នុងរយៈពេលថ្មីៗនេះ កងកម្លាំងទាំងអធិការនគរបាល និងមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ បានបង្ក្រាបនូវបទ ល្មើសជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានខណ្ឌផងដែរ។ ម្យ៉ាងវិញទៀត កម្លាំងអធិការនគរបាល ខណ្ឌមានជ័យ និងមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ បានសហការជាមួយអជ្ញាធរខណ្ឌ និងសង្កាត់ទាំង៧ នៃខណ្ឌមានជ័យ ប្រយុទ្ធប្រឆាំងក្នុងការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម តាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

យ៉ាងណាមិញ លោក ឌី រ័ត្នខេមរុណ បានស្នើដល់កម្លាំងសមត្ថកិច្ចក្រោមឱវាទទាំង ២ប្រភេទ ខិតខំបំពេញតួនាទី និង ពង្រឹងសមត្ថភាពបន្ថែម ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ ស្របតាមគោល នយោបាយភូមិសង្កាត់មានសុវត្ថិភាព និងត្រូវខិតខំដោះស្រាយ រាល់សំណូមពរ ពាក្យបណ្តឹងរបស់ ប្រជាពលរដ្ឋបានល្អបន្ថែមទៀត ក៏ដូចជាការ ល្បាត ពួន ស្ទាក់ ចាប់ឲ្យបានលើការបង្ក្រាបបទល្មើស រាល់សកម្មភាពចោរកម្មផ្សេងៗដើម្បីរក្សាពង្រឹងសន្តិសុខ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ។

លោកបានបញ្ជាក់បន្ថែមទៀតថា មន្រ្តីនគរបាល និងមន្រ្តីកងរាជអាវុធហត្ថ គឺជាកម្លាំងស្នូលដ៏រឹងមាំដែលកន្លងមកពួកគេបានលះបង់ទាំងកម្លាំងកាយចិត្ត និង ពេលវេលាជាច្រើនក្នុងការខិតខំប្រឹងប្រែងខ្នះខ្នែងរក្សានូវសន្តិសុខ ក៌ដូចជាសន្តិភាពជូនប្រជាពលរដ្ឋ។ លើសពីនេះ កម្លាំងទាំង ២ប្រភេទ បានដើរតួរនាទី និងជាសេនាធិការដ៏សំខាន់របស់អាជ្ញាធរខណ្ឌទាំងមូលក្នុងសកម្មភាពបំរើប្រជាជនក្នុងការ បង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសផ្សេងៗដូចជា អំពើលួច ឆក់ ប្លន់ និងសកម្មភាពអសន្តិសុខជាដើម។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ សំណូមពរធ្វើយ៉ាងណាកងកម្លាំងត្រូវប្រកាន់ខ្ជាប់ខ្ជួននូវ៖

១៖ ត្រូវមានវិន័យ
២៖ ត្រូវស្តាប់បទបញ្ជា
៣៖ ត្រូវគោរព តួនាទី ភារកិច្ច និងសាមគ្គីភាពផ្ទៃក្នុង។

ក្នុងការសំណេះសំណាលនេះដែរ លោក ឌី រ័ត្នខេមរុណ បានផ្តល់សម្ភារៈ ជូនដល់អធិការនគរបាល ខណ្ឌមានជ័យ និងមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ ក្នុងមួយអង្គភាព ទទួលបានទឹកសុទ្ធឱរ៉ាល់ ៥០កេស អាល់កុល ៣ កាន ជែល ១កេស ថវិកា ៤០ម៉ឺនរៀល៕