(ភ្នំពេញ)៖ ក្រុមហ៊ុនព្រូដិនសល៍កម្ពុជា ជាក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតឈានមុខគេនៅកម្ពុជា បានរួមគ្នាធ្វើយុទ្ធនាការ សុវត្ថិភាពចរាចរណ៍ នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីអប់រំដល់អ្នកធ្វើដំណើរ ឲ្យគោរពច្បាប់ចរាចរណ៍ ក៏ដូចជាបើកបរដោយប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ទិវានេះ មានឈ្មោះថា «សប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដែលមានអ្នកចូលរួមប្រមាណជិត៣ពាន់នាក់ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។
យុទ្ធនាការនេះមានគោលបំណងអប់រំ ដល់អ្នកធ្វើដំណើរទាំងអស់ រួមទាំងកម្មករ-កម្មការិនីរោងចក្រកាត់ដេរ និងអ្នកបើកបរដឹកជញ្ជូនកម្មករ-កម្មការិនី ឲ្យគោរពច្បាប់ចរាចរណ៍ ហើយក្នុងយុទ្ធនាការនោះ បុគ្គលិករបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានចូលរួម និងចែកខិត្តប័ណ្ណស្តីពី «វិធានការសុវត្ថិភាព» ប្រមាណជា ២៥០០ ជូនដល់អ្នកចូលរួមនៃកម្មវិធី។
កម្មវិធីវិធានការសុវត្ថិភាព គឺជាកិច្ចផ្តួចផ្តើមរបស់មូលនិធិព្រូដិនស៍ ដែលជាមូលនិធិមនុស្សធម៌ របស់ក្រុមហ៊ុនសាជីវកម្មព្រូដិនសល៍អាស៊ី ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀត អំពីបញ្ហាសុវត្ថិភាពចរាចរណ៍ ដែលតែងតែឆក់យកជីវិតមនុស្សជាច្រើននាក់ ជារៀងរាល់ឆ្នាំព្រមទាំងផ្តល់ព័ត៌មាន ច្បាស់លាស់និងងាយយល់ សម្រាប់ការរក្សាសុវត្ថិភាព លើដងផ្លូវតាមរយៈការចែករំលែក សារអប់រំអំពីសុវត្ថិភាពចរាចរណ៍។
គួរបញ្ជាក់ថា វិធានការសុវត្ថិភាពនេះ គឺមានការសហការពីតារាសម្ដែងដ៏ល្បី គឺអ្នកស្រី Michelle Yeoh ជាតួសម្តែង និងផលិតករលំដាប់អន្តរជាតិ និងប៉ុស្តិ៍ទូរទស្សន៍ National Geographic Channel ជាផ្នែកមួយនៃបណ្តាញទូរទស្សន៍ FOX Networks Group Asia ក៏ដូចជាសហព័ន្ធយានយន្តអន្តរជាតិ Federation Internationale de l’Automobile (FIA) ហើយគំនិតផ្ដួចផ្ដើមនេះ កំពុងតែផ្សព្វផ្សាយដល់បណ្ដាប្រជាជនក្នុងទ្វីបអាស៊ី៕