(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានទទួលជួបសវនាការ និងអំណោយមនុស្សធម៌ពីក្រុមហ៊ុន អេក ជី ប៊ី គ្រុប(HGB Group), ក្រុមហ៊ុន សាជីវកម្ម វ៉ូតម៉ាក់ឃី, ក្រុមហ៊ុន កាវឈិន អ៊ិនធើណាស់សិនណល អ៊ីនធើប្រាយ និងក្រុមហ៊ុនអឹម ផាយរៀន អាលលាន ដែលប្រព្រឹត្ដទៅនៅការិយាល័យ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងជំនួបមនុស្សធម៌នោះ កាកបាទក្រហមទទួលនូវអំណោយមនុស្សធម៌ពីក្រុមហ៊ុន អេក ជី ប៊ី គ្រុប (HGB Group) ថវិកាចំនួន១០ម៉ឺនដុល្លារ, ក្រុមហ៊ុន សាជីវកម្ម វ៉ូតម៉ាក់ឃី ថវិកា១ម៉ឺនដុល្លារ, ក្រុមហ៊ុន កាវឈិន អ៊ិនធើណាស់សិនណល អ៊ីនធើប្រាយ ១ម៉ឺនដុលា្លរ និងក្រុមហ៊ុនអឹមផាយរៀន អាលលាន ១ម៉ឺនដុលា្លរ សម្រាប់ជួយប្រជាពលរដ្ឋ ដែលជួបការលំបាកគ្រប់រូបភាព ដែលមានគ្រោះមហន្តរាយនានា ជនពិការ ចាស់ជរា ស្ដ្រីមេម៉ាយ និងកុមារកំព្រាជាដើម។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងថា «ក្នុងនាមខ្ញុំតំណាងឲ្យកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន អេក ជី ប៊ី គ្រុប និងក្រុមហ៊ុនចំនួន៣ទៀត ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការទ្រទ្រង់សកម្មភាពមនុស្សធម៌កន្លងមក ហើយចំពោះអំណោយក្នុងថ្ងៃនេះ យើងនឹងយកទៅប្រើប្រាស់ឲ្យអស់លទ្ធភាព ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលគាត់កំពុងរងគ្រោះដោយ អាកាសធាតុក្ដៅហួតហែង, រាំងស្ងួត ខ្វះទឹកប្រើប្រាស់ និង ហើយពេលក្នុងមួយរយៈពេលនេះ កាកបាទក្រហមគ្រប់សាខា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានចុះចែកទឹកស្អាតសម្រាប់បរិភោគ និងបូមទឹកដាក់ពាងតាមផ្ទះប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ ផ្សេងៗទៀត»។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងបន្ដថា ជាងនេះទៅទៀត កាកបាទក្រហមកម្ពុជា ជានិច្ចជាកាលតែងតែអនុវត្ដសកម្មភាព មនុស្សធម៌ប្រកបដោយការទទួលខុសត្រូវខ្ពស់ ហើយកាកបាទក្រហមកម្ពុជា មានលទ្ធភាពក្នុងការបន្ដជួយ ប្រជាពលរដ្ឋក៏ដោយសារតែមាន ការចូលរួមពីសប្បុរសធម៌ ដោយការស័្មគ្រចិត្ដទាំងជាតិ និងអន្ដរជាតិ ហើយថវិកានេះ ដើម្បីជួយប្រជាជនដែលងាយរងគ្រោះ នៅទូទាំងប្រទេសផងដែរ ពិសេសកាកបាទក្រហមកម្ពុជា ក៏បានយកទៅប្រើប្រាស់ក្នុងការបរិច្ចាគដល់មន្ទីរគន្ធបុប្ភា ជួយដល់អង្គការជនពិការនានា។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏មានមោទនភាពយ៉ាងខ្លាំង លើកិច្ចសហប្រតិបត្ដិការដោយមានភាពរលូន គឺចាត់ពីថ្នាក់កណ្ដាល រហូតដល់ថ្នាក់សាខា ក៏ដូចជាការចូលរួមពីយុវជន កាកបាទក្រហម។ ពិសេស កាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាល ជានិច្ចជាកាលក៏បានធ្វើការបែងចែក នូវអំណោយមនុស្សធម៌ ទៅតាមខណ្ឌទាំង១២ នៅរាជធានីភ្នំពេញ ដែលបង្កឲ្យអនុសាខា នៅថ្នាក់ខណ្ឌទាំង១២ អាចបន្ដធ្វើការបែងចែក និងជួយប្រជាជនឲ្យបានទាន់ពេលវេលា ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងបន្ថែមថា ក្នុងនោះកាកបាទក្រហមកម្ពុជា ក៏បានចូលរួមយ៉ាងខ្លាំង ពិសេសការចូលរួមពីសំណាក់ យុវជនកាកបាទក្រហមកម្ពុជា ក្នុងវិស័យលើកកម្ពស់គ្រោះថ្នាក់ចរាចរណ៍ ដែលក្នុងនោះគឺ ជារៀងរាល់សបា្ដហ៍ យុវជនកាកបាទក្រហមកម្ពុជា តែងតែចុះតាមភ្លើងស្ដុបចរាចរណ៍នីមួយៗទាំង នៅក្នុងរាជធានីភ្នំពេញ និងខេត្ដមួយចំនួនផងដែរ ដើម្បីលើកកម្ពស់ការយល់ដឹង ពីច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នឲ្យសុវត្ថិភាពតាមដងផ្លូវ។
ជាកិច្ចឆ្លើយតបគណៈប្រតិភូ តំណាងឲ្យគ្រប់ហ៊ុនទាំងបួន បានថ្លែងថា«យើងខ្ញុំមានការពេញចិត្ដ និងមានទំនុបចិត្ដយ៉ាងខ្លាំង ពីកាកបាទក្រហមកម្ពុជា ក្រោយការដឹកនាំប្រកប ដោយគត្ដិព្រឹទ្ធបណ្ឌិត របស់សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ដែលបានបង្កឲ្យមានជំនឿជឿជាក់បន្ថែមទៀត ដែលធ្វើឲ្យយើងខ្ញុំទាំងអស់ ក៏ដូចជាសប្បុរសជនផ្សេងទៀត បន្ដការចូលរួមទ្រទ្រង់សកម្មភាព មនុស្សធម៌បន្ដទៀតទាំជាតិ និងអន្ដរជាតិ»។
គួរបញ្ជាក់ថា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងបន្ដទៀតថា នៅថ្ងៃ៨ឧសភាខាមុខនេះ កាកបាទក្រហមកម្ពុជា នឹងប្រារព្ធទិវា៨ឧសភាលើកទី១៥៣ ដើម្បីកៀរគរ មូលនិធិសម្រាប់ទ្រទ្រង់សកម្មភាព មនុស្សធម៌ជួយប្រជាជនជួបការលំបាកគ្រប់រូបភាព គ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដល់ប្រជាពលរដ្ឋ ជនពិការ ចាស់ជរា ស្ដ្រីមេម៉ាយ ក្មេងកំព្រារ និងបញ្ហាជាច្រើនទៀតផងដែរ៕