(ភ្នំពេញ)៖ អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានថ្លែងឲ្យដឹងថា កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី នៅមានចំណុចខ្សោយមួយ ដែលជាឧបសគ្គក្នុងដំណើរឆ្ពោះទៅប្រកួតកីឡាអូឡាំពិក រដូវក្ដៅ នៅទីក្រុង Rio ប្រទេសប្រេស៊ីល នាខែសីហាខាងមុខ គឺគុណភាពខាងកម្លាំងកាយ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា គុណភាពកម្លាំងកាយ គឺជាកង្វះខាតសម្រាប់កញ្ញា ស៊ន សៀវម៉ី ដែលត្រូវបំប៉នដោយយកចិត្តទុកដាក់បំផុត មុននឹងចេញទៅប្រកួតអូឡាំពិក។ ពេលនេះ NOCC និងខេមរៈសហព័ន្ធតេក្វាន់ដូ កំពុងស្វែងរកគ្រូជំនាញជនជាតិកូរ៉េខាងត្បូង ២រូប មកបង្ហាញផ្នែកកម្លាំងកាយដល់ ស៊ន សៀវម៉ី ។
អគ្គលេខាធិការ NOCC រូបនេះបានបន្ដថា «ការប្រកួតកីឡាអូឡាំពិក នៅទីក្រុង Rio នឹងមានជើងខ្លាំងជុំវិញពិភពលោក ចូលរួម ដែលមានទាំងសមត្ថភាព បច្ចេកទេស និងកម្ពស់ គឺមិនចាញ់ ស៊ន សៀវម៉ី ឡើយ ។ ប៉ុន្ដែកញ្ញា សៀវម៉ី ក៏មានបច្ចេកទេសប្រកួតល្អដែរ តែអ្វីដែលជាចំណុចខ្សោយ គឺគុណភាពកម្លាំងកាយប៉ុណ្ណោះ» ។
ពេលនេះ NOCC និងលោក ឆយ យ៉ុងសុក កំពុងស្វែងរកអ្នកជំនាញជនជាតិកូរ៉េ មកពង្រឹងសមត្ថភាពកម្លាំងកាយ របស់ ស៊ន សៀវម៉ី ព្រោះរយៈពេល ២ខែមិនយូរនោះទេ ដូច្នេះ ចាំបាច់ត្រូវមានអ្នកជំនាញមកបង្ហាត់គេ ទើបគេមានសង្ឃឹមច្រើនក្នុងការប្រកួតកីឡាអូឡាំពិកនេះបាន លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម ។
គួរបញ្ជាក់ផងដែរថា កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី គឺជាវីរៈកីឡាការិនីឆ្នើមទី១ ដែលដណ្ដើមបានមេដាយមាស និងសិទ្ធិចូលរួមប្រកួត កីឡាអូឡាំពិកជាតិផ្លូវការ ក្នុងប្រវត្តិសាស្ដ្រជាង៦០ឆ្នាំ សម្រាប់វិស័យកីឡាកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ។ អាស្រ័យហេតុនេះហើយ ទើបក្រសួងអប់រំ និង NOCC យកចិត្តទុកខ្លាំង ដើម្បីជ្រោមជ្រែងនាង ឆ្ពោះទៅដណ្ដើមមេដាយ កីឡាអូឡាំពិក នៅទីក្រុង Rio ប្រទេសប្រេស៊ីល ដែលគ្រោងនឹងធ្វើការប្រកួតនៅអំឡុង ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ៕