Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការបាញ់សាកល្បង គ្រាប់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ទទួលបរាជ័យទៀតហើយ

28-04-2016 14:51

(សេអ៊ូល)៖ ប្រភពពីយោធាកូរ៉េខាងត្បូង ដែលឃ្លាំមើលសកម្មភាពកូរ៉េខាងជើងជាប់ជានិច្ចនោះ បានឲ្យដឹងថា ការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមរបស់ទីក្រុងព្យុងយ៉ាងនោះ ទំនងជាបានទទួលបរាជ័យជាលើកទីពីរហើយក្នុងខែមេសានេះ។ នេះបើតាមការចេញផ្សាយមុន នេះបន្តិច ដោយសារព័ត៌មាន យ៉ុនហាប់ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០១៦។

គ្រាប់មីស៊ីលខាងលើនេះ ត្រូវបានកូរ៉េខាងត្បូងអះអាងថាជាប្រភេទ Musudan ដែលកូរ៉េខាងជើង បានព្យាយាមបាញ់សាកល្បងម្តងរួចមកហើយ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ ហើយកាល ណោះគ្រាន់តែវាត្រូវបានបាញ់ឡើង មិនបានចម្ងាយប៉ុន្មានផង ក៏បានធ្លាក់ចូលទៅដែនទឹកសមុទ្រ ភាគខាងកើតប្រទេសកូរ៉េខាងជើងបាត់ទៅ។

គួរបញ្ជាក់ថា ការព្យាយាមម្តងហើយម្តងទៀតរបស់កូរ៉េខាងជើងនេះ គឺទំនងជាដើម្បីបង្ហាញពី សមត្ថភាពរបស់ខ្លួន ទុកអបអរនៅថ្ងៃសមាជកំពូលរបស់បក្សពលករកូរ៉េ ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី០៦ ខែឧសភា ខាងមុខនេះ។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង ជប៉ុន គឺជាប្រទេសដែលតែងតែឃ្លាំមើលកូរ៉េខាងជើង មិនឲ្យផុតពីក្រសែភ្នែកឡើយ៕