(ភ្នំពេញ)៖ នាយកដ្ឋានកិច្ចការអាស៊ាន នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនព័ត៌មាន ជុំវិញការរៀបចំកិច្ចប្រជុំក្រុមការងារឧត្តមមន្ដ្រីការពារជាតិអាស៊ាន និងក្រុមការងារឧត្ដមមន្ដ្រីការពារជាតិអាស៊ានបូក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងការពារជាតិ។

កិច្ចប្រជុំទាំងពីរនេះ នឹងដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឡៃ ចិន្តា អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ានរបស់កម្ពុជា ដោយមានការចូលរួមពីសំណាក់ប្រធានក្រុមការងារឧត្តមមន្ត្រីការពារជាតិ នៃរដ្ឋជាសមាជិកអាស៊ាន ប្រធានក្រុមការងារឧត្តមមន្ត្រីការពារជាតិ នៃបណ្តាប្រទេសបូក មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាអាស៊ាន រួមទាំងតំណាងអគ្គលេខាធិការដ្ឋានអាស៊ាន ទទួលបន្ទុកសហគមន៍នយោបាយសន្តិសុខអាស៊ាន។

នៅក្នុងកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន បណ្តាប្រទេសជាសមាជិកអាស៊ាននឹងធ្វើបច្ចុប្បន្នភាពលើដំណើរការ នៃកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន ដែលមានស្រាប់ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។

ជាមួយគ្នានេះអង្គប្រជុំក៏ និងធ្វើការពិភាក្សា និងពិនិត្យពិចារណាលើឯកសារយុទ្ធសាស្រ្ត នៃគំនិតផ្តួចផ្តើមថ្មីៗ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) ក្នុងគោលដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ឯកសារសំខាន់ចំនួន២ រួមមាន៖ សេចក្តីប្រកាសរួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក៏ត្រូវបានដាក់យកមកពិភាក្សាផងដែរ។

ជាមួយគ្នានោះដែរបណ្តាអ្នកចូលរួម ក៏នឹងពិភាក្សាផងដែរអំពីជំងឺកូវីដ១៩ ដោយផ្តោតជាសំខាន់លើចក្ខុវិស័យស្តីពីតួនាទី នៃស្ថាប័នការពារជាតិ ដើម្បីគាំទ្រការស្តាឡើងវិញក្រោយកូវីដ១៩។

ដោយឡែក នៅក្នុងកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក បណ្តាប្រទេសជាសមាជិក នឹងស្តាប់សេចក្តីរាយការណ៍ និងផែនការបន្តរបស់សហប្រធានក្រុមការងារជំនាញទាំង៧ វិស័យក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក្នុងនោះរួមមាន ១៖ជំនួយមនុស្សធ៌ម និងសង្គ្រោះគ្រោះមហន្តរាយ, ២៖សន្តិសុខលម្អសមុទ្រ, ៣៖ វេជ្ជសាស្ត្រយោធា, ៤៖ប្រឆាំងភេរវកម្ម, ៥៖ប្រតិបត្តិការរក្សាសន្តិភាព,៦៖សកម្មភាពកំចាត់មីនដើម្បីមនុស្សធ៌ម និង៧៖សន្តិសុខបច្ចេកវិទ្យាព័ត៌មាន។

កិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតឺអាស៊ានបូក ឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធក្នុងឆ្នាំ២០២២ ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងតំបន់ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងពេលបច្ចុប្បន្ន និងបញ្ហាប្រឈមកំពុងលេចឡើងថ្មីៗ ដោយស្របតាមមូលបទនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២២ ស្តីពី «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»៕