(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ ខណៈអញ្ជើញប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់លទ្ធផលអង្កេតសេដ្ឋកិច្ច សង្គមកិច្ចតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០១៦ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «ខ្ញុំសូមជម្រាបថាឆ្នាំ២០១៦នេះ គឺបង្ហាញពីព្រឹតិ្តការណ៍ប្រតិ្តសាស្រ្តមួយ ក្នុងការធ្វើគោលនយោបាយ សម្រាប់ការអភិវឌ្ឍជាសកល ហើយក៏ជាឆ្នាំនៃការចាប់ផ្តើមរបៀបវារៈការអភិវឌ្ឍ ប្រកបដោយចេរភាពឆ្នាំ២០៣០ ដែលមាន១៧ គោលដៅ សម្រាប់ជាក្របខណ្ឌគោលនយោបាយ ការអភិវឌ្ឍក្នុងរយៈពេល១៥ឆ្នាំខាងមុខនេះ។ ក្នុងឆ្នាំ២០១៦នេះដែរ ក៏ជាពេលវេលាមួយ ក្នុងការគិតគូឡើងវិញ ពីយុទ្ធសាស្រ្តការអភិវឌ្ឍនៅក្នុងតំបន់ ដែលពឹងផ្អែកខ្លាំងពេកទៅលើការនាំចេញទៅកាន់ប្រទេស ដែលមានការអភិវឌ្ឍ និងពឹងផ្អែកទៅលើអានុភាពបំណុលវិស័យឯកជន»។
ក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ដ្រីក៏ បានបញ្ជាក់ប្រាប់ថា តំបន់អាស៊ី និងប៉ាស៊ីហ្វិក ទទួលបាននូវកំណើនសេដ្ឋកិច្ចគួរឲ្យកត់សំគាល់ គឺកំណើនមធ្យម ៤.៦% ក្នុងឆ្នាំ២០១៥ ហើយត្រូវបានគេរំពឹងទុកថា នឹងបន្តកើនក្នុងខាងមុខៗទៀត ពោលគឺកំណើន៤.៨% ក្នុងឆ្នាំ២០១៦ និង៥% ក្នុងឆ្នាំ២០១៧។
លោកសង្ឃឹម និងជឿជាក់ថា កំណើនសេដ្ឋកិច្ចនេះ នឹងបន្តជួយឲ្យមនុស្សរាប់លាននាក់ អាចចាកចេញពីភាពក្រីក្រផងដែរ។ ជាចុងក្រោយលោកទេសរដ្ឋមន្ដ្រី បានបន្ថែមថា ក្រោមមគ្គទេសក៏ដឹកនាំពោរពេញដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឲ្យសេដ្ឋកិច្ចនៃកម្ពុជា មានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដូចជា កំណើនប្រចាំឆ្នាំចុងក្រោយនេះគឺ៧% នៃផលិតផលក្នុងស្រុកសរុប លើសពីកំណើនជាមធ្យមនៃតំបន់អាស៊ី និងប៉ាស៊ីហ្វិកទៅទៀត ចំពោះអត្រាភាពក្រីក្រក៏ថយចុះ១% ជារាងរាល់ឆ្នាំ ពោលគឺពី៣៩% ក្នុងឆ្នាំ១៩៩៤ ដល់ក្រោម២០% ក្នុងឆ្នាំ២០១៥ ព្រមទាំងប្រាក់ចំណូលក្នុងម្នាក់ៗ (GDP per capita) គឺមួយពាន់មួយរយសាមសិបប្រាំបួន (១,១៣៩) ដុល្លារ ក្នុងឆ្នាំ២០១៤។
លោកទេសរដ្ឋមន្រ្តី បានថ្លែងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់លើតួនាទីនៃកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ (Development Cooperation) ដែលជម្រុញឲ្យមានការរីកចម្រើន ដ៏គួរឲ្យកត់សម្គាល់ ជាពិសេសតាមរយៈការចូលរួមយ៉ាងសកម្ម ពីវិស័យឯកជន និងជំនួយអភិវឌ្ឍជាផ្លូវការ (Official Development Assistance) ដ៏ច្រើនពីដៃគូអភិវឌ្ឍន៍នានា ស្ថាប័នអន្តរជាតិ និងជាពិសេស អង្គការសហប្រជាជាតិ រួមទាំង UN-ESCAP ផងដែរ។ ជាមួយនឹងសហគមន៍អន្តរជាតិ ដែលកំពុងសកម្មក្នុងការចាប់ផ្តើម អនុវត្តផែនការឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍនដោយចេរភាព និងសកម្មភាពយ៉ាងសកម្មក្នុងតំបន់របស់យើងក្នុងការពង្រឹងនៃការផ្សារភ្ជាប់ ការខិតខំប្រឹងប្រែងពោរពេញដោយឆន្ទះ រវាងថ្នាក់តំបន់ និងថ្នាក់ជាតិ នោះកម្ពុជាយើង បាននឹងកំពុងបោះជំហានយ៉ាងសកម្មក្នុងការកែលំអរ និងប្រែក្លាយសេដ្ឋកិច្ចរបស់ខ្លួន (Economic Transformation)នាពេលកន្លងមកបន្ទាប់ពីមានស្ថេរភាព នៃស្ថានភាពនយោបាយ (Political Transformation) ពីអតីតកាល។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចូលរួមយ៉ាងសកម្មជាមួយនឹងចលនា និងសកម្មភាពពិភពលោក និងថ្នាក់តំបន់ក្នុងដំណើរការជម្រុញការអភិវឌ្ឍន កំណើនសេដ្ឋកិច្ច និងជាពិសេសអនុវត្តឲ្យបានជោគជ័យ នូវគោលដៅទាំង១៧ នៃការអភិវឌ្ឍប្រកបដោយចេរភាព(SDG)។ ក្នុងនាមប្រទេសជាសមាជិកសហគមន៍អន្តរជាតិ និងថ្នាក់តំបន់ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងដើរតួនាទីយ៉ាងសកម្ម ក្នុងវេទិការពិភពលោក និងក្នុងតំបន់។ «ជាក់ស្តែង ក្នុងនាមរាជរដ្ឋាភិបាល យើងខ្ញុំនិងតំណាងជាន់ខ្ពស់ដទៃទៀតនៃរាជរដ្ឋាភិបាល បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់នៅប្រទេសឥណ្ឌូនេស៊ី, ក៉ូរ៉េខាងត្បូង, ថៃ, សហរដ្ឋអាមេរិក និងអេត្យូពី ។ល។ ក្នុងក្របខណ្ឌនៃការរៀបចំសកម្មភាពអនុវត្ត SDG»។
និយាយជារួមកម្ពុជារបស់យើង បាននឹងកំពុងធ្វើដំណើរលើផ្លូវត្រូវ ហើយខ្ញុំមានជំនឿនិងក្តីសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលនឹងអនុវត្តកម្មវិធី SDGឲ្យបានជោគជ័យ ដោយផ្តល់អាទិភាពទៅលើការថែរក្សាធនធានធម្មជាតិ និងការលើកកំពស់វិស័យសង្គមកិច្ច ដែលជាផ្លែផ្កានៃការអភិវឌ្ឍនេះត្រូវបានបែងចែកជូនដល់ ប្រជាជនទទួលផលបានគ្រប់ៗគ្នា។
ជាការពិតព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋរបស់យើងពិតជាមានភព្វសំណាងណាស់ដែលយើងបាននឹងកំពុងរស់នៅលើមាតុភូមិមួយ ដែលពោរពេញដោយសន្តិភាព សុខដុមរមនា និងការអភិឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ បើប្រៀបធៀបជាមួយប្រទេសមួយចំនួនទៀតលើពិភពលោក ដែលកំពុងឆ្លងកាត់ភ្លើងសង្គ្រាម អសន្តិសុខនិងមានជីវភាពរស់នៅ យ៉ាងលំបាកដោយភាពក្រីក្រយ៉ាងធ្ងន់ធ្ងរ។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បង្ហាញឱ្យឃើញអំពីឧត្តមគតិ និងការបេ្តជ្ញាដ៏មុះមុតរបស់រាជរដ្ឋាភិបាលក្នុងការពុះពារបម្រើជាតិ និងប្រជាជន យកផលប្រយោជន៍រួមជាធំ សំដៅបន្តការពារ និងកសាងមាតុភូមិឆ្ពោះទៅរកអនាគតដ៏រុងរឿង ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន។ រាជដ្ឋាភិបាលក៏បានដាក់ចេញនូវគោលដៅតម្រង់ឆ្ពោះទៅជាប្រទេស ដែលមានប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយនឹងទៅជាប្រទេសដែលអភិវឌ្ឍន៍នៅឆ្នាំ២០៥០ផងដែរ។
លោក លី ធុជ បានបន្តថា «កម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋន្ត្រី ប្រៀបដូចជាកប៉ាល់មួយ ដែលមានអ្នកកាច់ចង្កូតដ៏ត្រឹមត្រូវ កំពុងធ្វើដំណើរទៅមុខដោយមានគោលដៅច្បាស់លាស់ ប្រកបដោយភាពជោគជ័យ ព្រមទាំងបាននឹងកំពុងកាច់ចង្កូតនាវាបន្តដំណើរទៅដល់គោលដៅនោះប្រកបដោយសុវត្ថិភាព និងភាពសុខដុមរមនា»៕