(មណ្ឌលគិរី)៖ ប្រតិភូអន្តរក្រសួង និងគណៈកម្មាធិការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ ដែលមានសមាសភាពថ្នាក់ដឹកនាំ មួយចំនួន នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានអញ្ជើញមកដល់ខេត្តមណ្ឌលគិរីហើយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត លើការត្រួតពិនិត្យវត្ថុតាង បទល្មើសព្រៃឈើ នៅក្នុងក្រុមហ៊ុនទាំងអស់ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។
សមាសភាពរបស់ប្រតិភូដែលបានអញ្ជើញ ទៅពិនិត្យទីតាំងស្តុកឈើនៅក្រុមហ៊ុន «ម៉ាស្ទ័រខេសាន់» នាស្រុកកោះញែក រួមមាន៖ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ អ.ហ លើផ្ទៃប្រទេស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ចាយ សាមិត្ត ប្រធានប្រតិភូរាជរដ្ឋាភិបាល និងការពារតំបន់អភិរក្ស នាយឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជការរង និងជានាយសេនាធិការ អ.ហ លើផ្ទៃប្រទេស លោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ លោកឧត្តមសេនីយ៍ ហ៊ុល សាគុណ អគ្គស្នងការរងនគរបាលជាតិ លោក សាង ប៊ុនធឿន ស្នងការ នៃស្នងការដ្ឋានប្រត្តិបតិការ អ.ហ លើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរងនៃស្នងការដ្ឋាន អាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំមួយចំនួនទៀត។
តាមមន្រ្តីសាលាខេត្តមណ្ឌលគិរី បានថ្លែងថា ក្រោយការកចុះពិនិត្យរួចហើយ ប្រតិភូបានប្រគល់ឈើ ខុសច្បាប់ជាច្រើនម៉ឺនម៉ែត្រគូបនៅតាម បណ្តាក្រុមហ៊ុននានា នៃទឹកដីមួយនេះ ទៅឱ្យទៅអាជ្ញាធរខេត្តថែរក្សាទុកមួយរយះសិន និងត្រៀមប្រគល់ឈើទាំងនោះឱ្យទៅក្រសួងអប់រំ សម្រាប់ប្រើប្រាស់តាមតម្រូវការ តាមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល៕