(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ ចុះទៅដោះស្រាយបញ្ហាខ្វះទឹកជូនប្រជាពលរដ្ឋនៅឃុំពពក ស្រុកស្ទោងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីមានការសំណូមពរពីសំណាក់ប្រជាពលរដ្ឋនៅតំបន់នោះ ក្រោយពីទឹកតាមស្ទឹង បឹង បួរ ស្រះ និងប្រឡាយត្រូវរីងស្ងួតជាបណ្តើរៗហើយនោះ។
លោកអភិបាលរងខេត្ត បានជួយជីកស្រះ២ មានទំហំ១៥ម៉ែត្រ×១៥ម៉ែត្រ ស្តារស្រះចាស់២ និងជួយថវិកាសម្រាប់ស្តារអណ្តូងតាមបណ្តាភូមិដែលមានស្រាប់។ យុទ្ធនាការនេះធ្វើឡើងដើម្បីគោរពតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា «អភិបាលខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ជូនប្រជាពលរដ្ឋ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់ទឹកនោះទេ។
នៅរសៀលថ្ងៃដដែលនេះ លោក គង់ វិមាន ក៏បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យមើលផ្ទះរបស់ប្រជាពលរដ្ឋ ដែលរលំដោយសារតែខ្យល់កន្រ្តាក់ និងបានទៅប្រគេនបច្ច័យមួយចំនួន ដល់ព្រះចៅអធិការវត្ត និងព្រះសង្ឃនៅវត្តស្រែក្រសាំង ដែលការកសាងព្រះវិហារ គឺជាការផ្តួចផ្តើមរបស់លោកផ្ទាល់តែម្តង៕