(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងចាត់លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមរំលែកទុក្ខដោយផ្ទាល់ដល់ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន ដែលជាញោមស្រីបង្កើតរបស់សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន បានទទួលមរណភាព នៅថ្ងៃ១៥ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០១៖៤០នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគានិងជារាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ធំធេងនេះ ខ្ញុំព្រះករុណា និងសហការី សូមចូលរួមរំលែកទុក្ខដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសង្វេគសោកស្តាយស្រណោះ អាឡោះអាល័យ ស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន គឺជាការបាត់បង់នូវអភិសមាចារជន ក្នុងព្រះពុទ្ធសាសនាដ៏ល្អឆ្នើមមួយរូប ហើយក៏ជាការបាត់បង់ញោមស្រី មាតា ជីដូន ដែលមានព្រះព្រហ្មវិហារធម៌ ចំពោះកុលបុត្រ កុលធីតា និងចៅៗមិនចេះរីងស្ងួតរហូតគ្រាអវសាន។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខ័ន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន ឆាប់បានយោនយកកំណើត កើតក្នុងសុគតិភព កុំបីឃ្លាតក្លាយជាបការៈដទៃឡើយ។

សូមជម្រាបថា ការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគេននូវអង្ករចំនួន២០០គីឡូ, ទឹកសុទ្ធចំនួន១០កេស, ទឹកក្រូចចំនួន១០កេស, ត្រីខចំនួន៥យួរ, មីចំនួន៥កេស និងបច្ច័យមួយចំនួនផងដែរ៕