(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១២ អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ឯក ទៀន ករុណា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដែលបានពលី ក្នុងប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ក្រោយត្រូវក្រុមជនល្មើសបាញ់បណ្តាលឲ្យស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ និងសូមកោតសរសើរចំពោះការពលីជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋដោយមិនគិតពីខ្លួនឯងនេះជាគំរូវីរៈភាព ដ៏អង់អាចក្លាហានសម្រាប់កម្លាំងមានសមត្ថកិច្ច ដ៏ទៃទៀតផងដែរ។
ជាមួយគ្នានេះនាយឧត្តមសេនីយ៍ស្នងការ ក៏បានចូលរួមថវិកាសម្រាប់បុណ្យសពចំនួន២លានរៀលផងដែរ។
នាយឧត្តមសេនីយ៍ស្នងការ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារសពរបស់មន្រ្តីកងរាជអាវុធហត្ថ ដែលបានទទួលមរណភាព ដោយសារការបាញ់រះសំណាក់ក្រុមជួញដូរគ្រឿងញៀន ក្នុងពេលចុះប្រតិបត្តិការ បង្រ្កាបការដូរគ្រឿងញៀនដ៏ធំ និងកក្រើករាជធានីភ្នំពេញ នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក នាល្ងាចថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៦ម្សិលមិញនេះ។