(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរំលែកមរណទុក្ខជូនលោកស្រី ម៉ៅ សាមឿន ឈា ថាំង និងក្រុមគ្រួសារ ចំពោះមរណភាពលោកវេជ្ជបណ្ឌិត ឈា ថាំង អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល អតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ និងជាអតីតសមាជិកព្រឹទ្ធសភា នីតិកាលទី១ និងនីតិកាលទី២ នៃព្រឹទ្ធសភា បានទទួលមរណភាពនៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ៣៖២៥នាទីរសៀល ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ឯកឧត្តមវេជ្ជបណ្ឌិត ឈា ថាំង គឺជាការបាត់បង់នូវស្វាមី បិតា និងជីតាដ៏ឧត្តុង្គឧត្តម ប្រកបដោយព្រហ្មវិហារធម៌ ជាកុលបុត្រដ៏ប្រពៃ ជាឥស្សរជន និងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបធ្លាប់បានរួមចំណែកកសាងធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ បានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុបម្រើជាតិ សាសនានិងព្រះមហាក្សត្រ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសម្តែងនូវមរណទុក្ខដោយក្តីស្រណោះ អាឡោះអាល័យ ជាមួយ លោកជំទាវ បុត្រា បុត្រី ចៅៗ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព ហើយសូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តមវេជ្ជបណ្ឌិត ឈា ថាំង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕