(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីបកស្រាយបំភ្លឺទាក់ទងនឹងករណី ទាក់ទងទៅនឹងការចុះផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ របស់គណនីហ្វេសប៊ុកឈ្មោះ Srey Chamroeun ដែលធ្វើឱ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា «តាមពិតជាក់ស្ដែងក្នុងរូបភាពនេះជាមនុស្ស ២នាក់ផ្សេងគ្នាដាច់ដោយឡែក នារីពាក់អាវពណ៌ខ្មៅ ដែលមានឈ្មោះ វង្ស លក្ខ័ណា ជាបុគ្គលដែលបានខំមិនព័ត៌មានមិនពិតទាក់ទងទៅនឹងមន្ត្រីអគ្គិភ័យ ក្នុងគោលបំណងអាក្រក់បង្ខីចកិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់ ហេីយបុគ្គលរូបនេះក៏បានចូលខ្លួនសារភាពកំហុស ហើយសមត្ថកិច្ចក៏បានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ហេីយដោះលែងឱ្យត្រឡប់ទៅផ្ទះវិញហេីយ ដោយមិនបានដាក់ទោសអ្វីឡេីយ មិនដូចការចុះផ្សាយបំពុលព័ត៌មានរបស់បុគ្គល ស្រី ចំរេីន ដែលថានារីម្នាក់នេះត្រូវបានសមត្ថកិច្ចចោទប្រកាន់ និងបញ្ជូនទៅពន្ធនាគារ»

លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្តថា ចំណែកឯនារីម្នាក់ទៀត ដែលពាក់អាវពណ៌ក្រហម មានឈ្មោះ ឈឹម ស៊ីថរ ជាមេដឹកនាំធ្វើចលនា ញុះញង់ អុកឡុក បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម គឺត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ហើយតុលាការក៏បានចេញដីកាឃុំខ្លួនផងដែរ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានក្រើនរំឮកថា មុននឹងផ្សព្វផ្សាយព័ត៌មានអ្វីមួយ គួរតែស្រាវជ្រាវឱ្យបានដឹងច្បាស់ជាមុនសិន ចៀសវាងការចុះព័ត៌មានមិនពិត ដែលធ្វេីឱ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ៕