(ភ្នំពេញ)៖ អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប បានអះអាងថា ការដាក់ទណ្ឌកម្មរបស់អាមេរិក មិនបានធ្វើឱ្យប៉ះពាល់ដល់ការជំនួញរបស់ខ្លួននោះឡើយ ហើយក្រុមទាំង៩របស់លោកនៅតែដំណើរការជាប្រក្រតីទោះបីស្ថិតនៅក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ១៩ក្តី។
កាលពីឆ្នាំ២០១៩ ក្រោម ច្បាប់ Global Magnitsky ក្រសួងហិរញ្ញវត្ថុរបស់អាមេរិក បានសម្រេចដាក់ទណ្ឌកម្មលើអ្នកឧកញ៉ា ទ្រី ភាព និងក្រុមហ៊ុនរបស់លោក ក្រោមការចោទប្រកាន់ថាចូលរួមប្រព្រឹត្តអំពើពុករលួយជាមួយរាជរដ្ឋាភិបាល។ ការដាក់ទណ្ឌកម្មធ្វើឡើងក្នុងចេតនារាំងខ្ទប់ការធ្វើអាជីវកម្មរបស់អ្នកឧកញ៉ា ទ្រី ភាព ជាមួយក្រុមហ៊ុនរបស់អាមេរិក។
ប្រាប់អង្គភាពព័ត៌មាន Fresh News ក្រោយបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ កាលពីសប្តាហ៍កន្លងទៅនេះ អ្នកឧកញ៉ា ទ្រី ភាព បានឱ្យដឹងថា ក្រុមហ៊ុនទាំង៩របស់លោក នៅតែដំណើរការជាប្រក្រតី ដោយមិនមានឧបសគ្គណាមួយកើតចេញពីការដាក់ទណ្ឌកម្មរបស់ក្រសួងសេដ្ឋកិច្ចរបស់អាមេរិកនោះឡើយ។
អ្នកឧកញ៉ា ទ្រី ភាព បានគូសបញ្ជាក់ដូច្នេះ «ទៅខ្វល់អីនឹងអាមេរិក ខ្វល់តែរឿងនៅកម្ពុជា រាជរដ្ឋាភិបាលគ្រប់គ្រង និងស្រឡាញ់យើងតែប៉ុណ្ណឹងទេ។ យើងមិនខ្វល់នឹងប្រទេសដទៃ គេស្រឡាញ់ ឬមិនស្រឡាញ់យើងក៏ហីទៅ។ អត់ដែលទៅនៅអាមេរិកផង ខ្ញុំមិនដែលស្គាល់អាមេរិកឯណា ខ្ញុំនៅតែស្រុកខ្មែរ។ នរណាគេពេញចិត្តរកជាមួយយើង ក៏រក អ្នកមិនពេញចិត្តរកក៏ហីទៅ។ យើងនៅខ្មែរមួយជីវិតហើយ ខ្វល់រឿងអាមេរិកដាក់ទណ្ឌកម្មអី»។
អ្នកឧកញ៉ា ទ្រី ភាព បានលើកឡើងទៀតថា ជំនាន់អាមេរិកទម្លាក់គ្រាប់បែកលើប្រជាពលរដ្ឋកម្ពុជា លោកនៅតែអាចរស់បាន ដូច្នេះគ្មានហេតុផលណានាំឱ្យលោកបារម្ភ ឬភ័យខ្លាចជាមួយការដាក់ទណ្ឌកម្មរបស់អាមេរិកនោះឡើយ។
«កាលជំនាន់មុនអាមេរិកទម្លាក់គ្រាប់បែកយើងមិនភ័យផង រឿងអីមកភ័យរឿងអាមេរិកដាក់ទណ្ឌកម្ម។ អត់ភ័យទេ អាមេរិកទម្លាក់គ្រាប់បែក យើងនៅចូលត្រង់សេរស់»។ នេះជាការបញ្ជាក់របស់អ្នកឧកញ៉ា ទ្រី ភាព។
អ្នកឧកញ៉ា ទ្រី ភាព បានចាត់ទុកការសម្រេចដាក់ទណ្ឌកម្មរបស់អាមេរិក គឺធ្វើឡើងតាមរបាយការណ៍របស់ខ្មែរដែលមាននិន្នការប្រឆាំងនឹងរាជរដ្ឋាភិបាល ហើយអាមេរិក មិនបានសិក្សាអ្វីទាំងអស់ ពាក់ព័ន្ធការរកស៊ីក្រុមហ៊ុនរបស់លោក។
អ្នកឧកញ៉ា ទ្រី ភាព បានលើកឡើងដូច្នេះ «អាមេរិក ដាក់ទណ្ឌកម្មជឿតាមខ្មែរយើងញុះញង់។ អាមេរិក គេមិនដឹងអីគេ»។
អ្នកឧកញ៉ា ទ្រី ភាព បានឱ្យដឹងដែរថា ក្រុមហ៊ុនទាំង៩របស់លោកដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ មានដូចជាក្រុមហ៊ុនធ្វើផ្លូវថ្នល់ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រេង ក្រុមហ៊ុនចំការកៅស៊ូ និងក្រុមហ៊ុនទេសចរណ៍ជាដើម។ ក្រុមហ៊ុនដែលដំណើរការល្អជាងគេ គឺក្រុមហ៊ុនចំការកៅស៊ូ ដែលមានផ្ទៃដីដាំដុះប្រមាណជា ៦ពាន់ហិកតា នៅក្នុងស្រុករវាង ខេត្តព្រះវិហារ។
តាមរយៈការវិនិយោគនៃក្រុមហ៊ុនទាំង៩របស់អ្នកឧកញ៉ា ទ្រី ភាព មិនត្រឹមតែបានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធនានានោះទេ តែក្រុមហ៊ុនទាំង៩នេះ ក៏បានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរផងដែរ។ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩នេះ ក្រុមហ៊ុនទាំង៩របស់អ្នកឧកញ៉ា ទ្រី ភាព នៅតែរក្សាបុគ្គលិក និងកម្មករដែលមានចំនួនសរុបជាង ២ពាន់នាក់ដដែល មិនមានការកាត់បុគ្គលិកនោះឡើយ។ ក្រុមហ៊ុនចំណាយប្រាក់ខែ និងប្រាក់ឈ្នួលជូនបុគ្គលិក កម្មករ និយោជិត ប្រមាណជា ៥០ម៉ឺនដុល្លារជារៀងរាល់ខែ៕